មន្ត្រីសេដ្ឋកិច្ចកំពូលរបស់កូរ៉េខាងត្បូងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីពន្ធ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូនមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មកំពូលរបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយនេះ សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិកក្នុងគោលបំណងកាត់បន្ថយពន្ធ ដែលជាការកត់សម្គាល់នៃការចាប់ផ្តើមកិច្ចចរចាផ្លូវការក្រោមយុទ្ធសាស្រ្តពាណិជ្ជកម្មដែលបានកែលម្អឡើងវិញរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump)។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង លោក ឆយ សាងម៉ុក (Choi Sang-mok) គ្រោងនឹងចូលរួមកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G20 និងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍ក្រោយ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កត់ បេសសេនត៍ (Scott Bessent) ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម រួមទាំងការផ្អាករយៈពេល ៩០ថ្ងៃនៃពន្ធគយទៅវិញទៅមកលើសម្ព័ន្ធមិត្តសំខាន់ៗ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃពុធថាក្រសួងរតនាគារសហរដ្ឋអាមេរិកបានស្នើឱ្យមានកិច្ចប្រជុំជាមួយលោក ឆយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំ G20 និងកិច្ចប្រជុំ IMF ។ ខណៈដែលកិច្ចប្រជុំបែបនេះជាធម្មតាផ្តោតសំខាន់ទៅលើបញ្ហារូបិយវត្ថុ និងរូបិយបណ្ណ បញ្ហាពាណិជ្ជកម្មក៏ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងរបៀបវារៈដែលឆ្លុះបញ្ចាំងពីភាពលេចធ្លោរបស់ខ្លួននៅក្នុងការពិភាក្សាទ្វេភាគីផងដែរ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង លោក អាញ់ ឌុកគិន (Ahn Duk-geun) ក៏គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរដែលកិច្ចប្រជុំកំពុងត្រូវបានរៀបចំជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក ជែមមីសុន ហ្រ្គៀ (Jamieson Greer) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហូវើត លូតនីក (Howard Lutnick)។ អាស្រ័យទៅលើរបៀបដែលកិច្ចពិភាក្សាដំណើរការទៅមុខ រដ្ឋាភិបាលទាំងពីរក៏អាចពិចារណាអំពីការរៀបចំសម័យប្រជុំរួមគ្នា ដែលប្រមូលផ្តុំដោយមន្ត្រីហិរញ្ញវត្ថុ និងពាណិជ្ជកម្មពីភាគីទាំងពីរផងដែរ។
កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ត្រាំ ពន្យារពន្ធទៅវិញទៅមកលើប្រទេសកូរ៉េខាងត្បូង ជប៉ុន ចក្រភពអង់គ្លេស អូស្ត្រាលីនិងឥណ្ឌា ដែលជាការបង្ហាញដំបូងនៃចេតនារបស់ខ្លួនក្នុងការពន្លឿនកិច្ចចរចាពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗ។ ទីក្រុងសេអ៊ូលកំពុងស្វែងរកការធានាកិច្ចព្រមព្រៀងដំបូងដែលកាត់បន្ថយរបាំងពន្ធគយ និងដោះស្រាយអតុល្យភាពពាណិជ្ជកម្មឱ្យបានកាន់តែទូលំទូលាយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





