ចិនគាំទ្រភាពជាកណ្តាលរបស់អាស៊ានក្នុងស្ថាបត្យកម្មក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង (Xi Jinping) បាននិយាយថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ាន មានភាពកាន់តែរឹងមាំ និងមានភាពធន់ជាងមុន។
លោកបានធ្វើការអត្ថាធិប្បាយខាងលើនៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយនៅលើទំព័រមុខនៃកាសែត «ដឺ ស្តារ» របស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៥ ខែឧសភា មុនពេលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។
លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិន គឺជាដៃគូសន្ទនាដំបូងគេដែលព្រមព្រៀងលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសដំបូងគេដែលបង្កើតតំបន់ពាណិជ្ជកម្មសេរី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន។ កិច្ចសហប្រតិបត្តិការចិន-អាស៊ាន គឺជាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងលទ្ធផលខ្ពស់បំផុតនៅក្នុងតំបន់។
លោកបានបញ្ជាក់ថា ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ការរួបរួម និងការកសាងសហគមន៍អាស៊ាន ហើយគាំទ្រប្លុកនេះសម្រាប់ភាពជាកណ្តាលនៅក្នុងស្ថាបត្យកម្មតំបន់។
លោកបានបន្តទៀតថា ប្រទេសចិនគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសម៉ាឡេស៊ីក្នុងតួនាទីជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៥ ហើយសង្ឃឹមថា ម៉ាឡេស៊ីនឹងដើរតួនាទីកាន់តែរឹងមាំក្នុងនាមជាស្ពានរវាងភាគីទាំងពីរ និងក្នុងនាមជាអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែមេសា បានឱ្យដឹងថា ប្រធានាធិបតីចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែមេសា តាមការអញ្ជើញរបស់ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម នៃប្រទេសម៉ាឡេស៊ី។
ក្រសួងការបរទេសបាននិយាយថា ក្នុងនាមជាប្រធានអាស៊ាន និងជាអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ម៉ាឡេស៊ីនៅតែប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរតាមរយៈកិច្ចសន្ទនា ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំនិតផ្តួចផ្តើមដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនអាស៊ាន និងចិន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





