សិង្ហបុរីនឹងរៀបចំការបោះឆ្នោតជាសកលនៅថ្ងៃទី០៣ ខែឧសភា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- ប្រជាជនសិង្ហបុរីនឹងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃទី០៣ ខែឧសភាខាងមុខ សម្រាប់ការបោះឆ្នោតជាសកលលើកទី១៤ របស់ប្រទេសសិង្ហបុរី។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសិង្ហបុរី លោក ថាមេន ស្សេនមូការ៉ាតនេម (Tharman Shanmugaratnam) បានរំលាយសភាកាលពីថ្ងៃទី១៥ ខែមេសា។
ថ្ងៃតែងតាំងបេក្ខភាពនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ដោយផ្តល់ឱ្យនូវបេក្ខភាពទាំងនោះចំនួន ០៩ថ្ងៃដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅមុន «ថ្ងៃ ស» គឺថ្ងៃទី០២ ខែឧសភា មួយថ្ងៃមុនថ្ងៃបោះឆ្នោត ដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតមានពេលវេលាដើម្បីឆ្លុះបញ្ចាំង និងពិចារណាទៅលើបញ្ហាសំខាន់ៗមុនពេលធ្វើការសម្រេចចិត្តរបស់ពួកគេ។
នាយកដ្ឋានរៀបចំការបោះឆ្នោតបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៥ ខែមេសា ថា «យោងតាមច្បាប់ ថ្ងៃបោះឆ្នោតនៅក្នុងការបោះឆ្នោតជាសកលទាំងអស់ គឺជាថ្ងៃឈប់សម្រាកសាធារណៈ។នៅថ្ងៃបោះឆ្នោតនោះ និយោជកគ្រប់រូបត្រូវអនុញ្ញាតឱ្យអ្នកដែលមានសិទ្ធិបោះឆ្នោតទាំងអស់ដែលធ្វើការងារឱ្យខ្លួន មានពេលវេលាសមស្របក្នុងការទៅចូលរួមបោះឆ្នោត»។
គណបក្សសកម្មភាពប្រជាជនដែលកំពុងកាន់អំណាច (PAP) ត្រូវបានគេរំពឹងថានឹងត្រូវបានប្រកួតប្រជែងសម្រាប់អាសនៈសភាទាំងអស់ចំនួន៩៧នៅទូទាំង ៣៣មណ្ឌល ដែលរួមមាន ១៨មណ្ឌលតំណាងក្រុម (GRC) និង១៥មណ្ឌលសម្រាប់សមាជិកតែមួយ (SMC)។
ការបោះឆ្នោតខាងមុខអាចមានបេក្ខភាពមកពីគណបក្សចំនួន១១ដោយក្នុងនោះមានសម្ព័ន្ធបក្សប្រឆាំងចំនួន២។
នៅក្នុងការបោះឆ្នោតជាសកលឆ្នាំ២០២០ ដែលត្រូវបានរៀបចំធ្វើឡើងចំពេលមានការរាតត្បាតជំងឺកូវីដ-១៩ គណបក្ស PAP ទទួលបានសំឡេងគាំទ្រ ៦១,២៤% ដោយឈ្នះបាន ៨៣អាសនៈក្នុងចំណោម ៩៣អាសនៈ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





