អាជ្ញាធរខេត្តកំពង់ស្ពឺសម្រេចកាយបើកមុខលូបង្វែរចរន្តទឹក បញ្ចៀសការលិចលង់សាលារៀន និងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន
AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- ដើម្បីសង្គ្រោះសាលារៀនមួយកន្លែងចេញពីការលិចលង់ដោយទឹកកាកសំណល់នៃរោងចក្រ និងទឹកប្រើប្រាស់ចេញពីលំនៅឋាន អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានសម្រេចយកគ្រឿងចក្រកាយបើកមុខលូដើម្បីបង្វែរមុខទឹកមួយផ្នែកធំបញ្ចៀសការលិចលង់សាលារៀន និងបង្កក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន។
លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បាននិយាយថា ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំឱ្យពន្លឿនការដោះស្រាយឱ្យបានឆាប់ជុំវិញករណីទឹកស្អុយលិចលង់បរិវេណវិទ្យាល័យ ហ៊ុន សែន អង្គមេត្រី ស្ថិតក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលនាំឱ្យមានផលរំខានដល់ការរៀនសូត្ររបស់សិស្សានុសិស្សឬក៏អាចឈានដល់ការបិទសាលាពេលដែលជំនន់ទឹកស្អុយចូលមកដល់។

លោក ជេត ដុំ បានបន្ថែមថា ក្រោមការគិតគូតយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរពាក់ពន្ធ័ ត្រូវចាត់វិធានការបន្ទាន់ដើម្បីកុំឱ្យសិស្សខកខានរៀនសូត្រ និងមួយទៀតខែនេះជាខែវស្សាអាចនិងមានភ្លៀងធ្លាក់បន្តបន្ទាប់ ដែលបង្កឱ្យជំនន់ទឹកភ្លៀងអាចនិងកើតមានឡើងផងដែរ។ ដូច្នេះដើម្បីរក្សាបាននូវនិរន្តរភាពនៃការសិក្សារបស់សិស្ស អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធត្រូវដោះស្រាយកង្វល់នេះឱ្យមានប្រសិទ្ធិភាព។
នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងថា នៅចំពោះមុខមន្ទីរសាធារណការនិងដឹកជញ្ជូននិងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺរួមជាមួយអាជ្ញាធរទាំង២គឺស្រុកសំរោងទង និងស្រុកគងពិសីបានយកគ្រឿងចក្រកាយដីបើកមុខទឹកត្រង់PK8+650ម៉ែត្រ បង្វែរចរន្តទឹកមួយផ្នែកប៉ុន្មាន60% ឆ្ពោះទៅភូមិព្រៃតាអុក ឃុំរកាកោះ ស្រុកគងពិសី និងបន្តកាយប្រឡាយក្នុងបរិវេណសាលាអង្គមេត្រីដើម្បីឱ្យទឹកហូរចេញពីទីធ្លាសាលា។ មន្ទីរធនធានទឹកត្រូវស្ដារប្រឡាយមួយខ្សែប្រវែង៩៦០ម៉ែត្រ តភ្ជាប់ត្រង់PK8+650ម៉ែត្រ ត្រង់ផ្លូវជាតិលេខ៤១ឆ្ពោះទៅភូមិព្រៃតាអូបឃុំរកាកោះស្រុកគងពិសីឱ្យបានរួចរាល់មុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។ទន្ទឹមនេះមន្ទីរសាធារណការនិងដឹកជញ្ជូនក៏ត្រូវសិក្សាគំនូសប្លង់បច្ចេកទេសក្នុងការបង្វែរទឹកជាអចិន្ត្រៃយ៍ពីចំណុច PK7+267ឆ្ពោះទៅប្រឡាយមហាហង្ស ឬទៅអូរអាចម៍ទន្សាយ ក្នុងឃុំសែនដី ស្រុកសំរោងទង ឱ្យបានរួចរាល់តាមការគ្រោងទុក។


ជាមួយនោះដែរ អាជ្ញាធរស្រុកទាំង២ត្រូវកោះអញ្ជើញតំណាងរោងចក្រទាំង១២ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មកពិភាក្សាក្នុងការរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់បន្ទាប់ពីចូលឆ្នាំខ្មែររួច ធ្វើយ៉ាងណាបញ្ឈប់ការបង្ហូរកាកសំណល់កខ្វក់ចេញមកទីសាធារណៈបន្តទៀត ហើយក្នុងករណីមិនស្តាប់តាមការណែនាំត្រូវពិន័យរដ្ឋបាលជាដាច់ខាត៕
ដោយ លឹម សាន្ត




