បងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្ដក្រុងឥតគិតថ្លៃ មានចំនួនកើនជាងឆ្នាំមុនៗ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ កំណើនប្រជាពលរដ្ឋ និងបងប្អូន កម្មករ កម្មការិនីរោងចក្រ មកទទួលសេវាកម្ម ជិះរថយន្តក្រុងទៅលេងស្រុកកំណើត មានកំណើនច្រើនជាងបណ្ដាឆ្នាំមុនៗ ខណៈដែលនៅឆ្នាំ២០២៤ មានប្រមាណជាង៧ម៉ឺននាក់ ហើយប្រជាពលរដ្ឋបានចំណេញពីការដឹកជញ្ជូនមិនគិតថ្លៃបានប្រមាណជាង១លាន២សែនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឫស្សីកែវ នាពេលព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ មានកំណើនកើនជាងឆ្នាំមុន។ ការកើនចំនួននេះគឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះទទួលបានសុវត្ថិភាពល្អ។


ទន្ទឹមនឹងនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី អ្វីដែលជាការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែបង្កើតឲ្យមានសេវាកម្មនៃការដឹកជញ្ជូនប្រជាពរដ្ឋទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃនៅក្នុងឱកាសបុណ្យជាតិធំៗម្តងៗ ដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ពួកគាត់។ ការងារនេះ បើយើងមើលមួយភ្លែតគិតថាវាសាមញ្ញ ប៉ុន្តែមិនមែនសាមញ្ញពេកទេ។ រាជរដ្ឋាភិបាលបានគិតគូរពីជីវភាពប្រជាពលរដ្ឋខ្លាំងណាស់ សូម្បីតែមួយកាក់មួយមួយសេនរបស់ប្រជាពលរដ្ឋក៏ដោយ។

សូមបញ្ជាក់ថា សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់រយៈពេល០៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩៕
ដោយ សួស សំរិត




