រដ្ឋបាលខេត្តតាកែវរៀបចំពិធីប្រណាំងរទេះគោសាឡី
AKP តាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥--
នៅទីលានទល់មុខមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ (មាត់បឹងតាកែវ) ស្ថិតនៅភូមិចក សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ បានរៀបចំពិធីប្រណាំងរទេះគោសាឡី កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តតាកែវ អភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ការរៀបចំពិធីប្រណាំងរទេះគោសាឡីនេះមានគោលបំណងរក្សាទំនៀមទំលាប់ប្រពៃណីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានដឹងបានស្គាល់ ជាពិសេសយុវជនជំនាន់ក្រោយឱ្យចេះថែរក្សាការពារវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងពីបុរាណមក ដូចពាក្យស្លោកមួយបានលើកឡើងថា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ការរៀបចំប្រណាំងរទេះគោសាឡីនេះឡើង គឺដើម្បីបង្កការសប្បាយរីករាយដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់។ ក្រៅពីការប្រណាំងរទេះគោសាឡីនេះ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ យើងនឹងរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងរបាំប្រពៃណីជាតិ និងនាំមកជូននូវទស្សនីយភាពប្លែកៗជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្ដ។ ហើយដាក់តាំងផលិតផលដែលកើតចេញពីស្នាដៃកូនខ្មែរ ម្ហូបអាហារខ្មែរពិសេសៗគឺមុខម្ហូបប្រចាំតំបន់ផ្សេងៗគ្នា ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមកលេងកម្សាន្តសប្បាយខេត្តតាកែវ បានភ្លក្ស និងបរិភោគមានឱជារសឆ្ងាញ់ពិសា។

បើយោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការចូលរួមប្រណាំងរទេះគោសាឡីនៅពេលនោះ មានរទេះគោសាឡីចំនួន២៥នឹម ដែលមកពីរាជធានីខេត្តចំនួន៥គឺ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម៕
ដោយ អ៊ុច សៀង




