ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញកម្ទេចគ្រឿងផ្ទុះកម្រិត២ សម្រាប់ប្រតិបត្តិការសន្តិភាពអង្គការសហប្រជាជាតិក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋបារាំង
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងលោក ហ្វាប្រីស អេចេន ទីប្រឹក្សាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញកម្ទេចគ្រឿងផ្ទុះកម្រិត២ សម្រាប់ប្រតិបត្តិការសន្តិភាព អង្គការសហប្រជាជាតិក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋបារាំង។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានវាយតម្លៃខ្ពស់ចំពោះយោធាចារ្យបារាំង ដែលបានបង្ហាញពីការយកចិត្តទុកដាក់ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តដល់វគ្គហ្វឹកហ្វឺនកម្ទេចគ្រឿងផ្ទុះកម្រិត២នាពេលនេះ និងអរគុណដល់វរសេនីយ៍ត្រី សាយព្រៀន ម៉ាតាំងទីប្រឹក្សាមជ្ឈមណ្ឌលជាតិ ដែលបានខិតខំសហការរៀបចំឱ្យមានវគ្គហ្វឹកហ្វឺននេះឡើងសម្រាប់កងកម្លាំងមួកខៀវកម្ពុជាឱ្យមានសមត្ថភាពពេញលេញលើជំនាញរឹង និងជំនាញទន់ ភាពធុន និងគុណវុឌ្ឍិសម្រាប់អនុវត្តក្នុងតំបន់បេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

ឯកឧត្តមបានបន្តថា យើងពិតជាមានមោទនភាពជាអនេក ដោយទទួលបានការឧបត្ថម្ភគាំទ្រពីសាធារណរដ្ឋបារាំងក្នុងការអនុវត្តវគ្គហ្វឹកហ្វឺននេះ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពកងទ័ពមួកខៀវកម្ពុជា ក្នុងការបន្តចូលរួមបេសកកម្មអង្គការសហប្រជាជាតិឱ្យកាន់តែមានសុវត្ថិភាព និងប្រកបដោយជោគជ័យជាបន្តបន្ទាប់ ជាពិសេសដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាពមីន ដើម្បីឈានដល់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០៣០។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានលើកឡើងថា នៅក្នុងរយៈពេល១៩ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោកទទួលបានជោគជ័យជាបន្តបន្ទាប់ និងបានទទួលការកោតសរសើរលើឆាកអន្តរជាតិដែលជាការបង្ហាញពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា។ គិតចាប់ពីឆ្នាំ២០០៦មក កម្ពុជាមានលទ្ធភាពបានក្លាយជាប្រទេសដែលបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុងប្រតិបតិ្តការរក្សាសន្តិភាពរបស់អង្គកាសហប្រជាជាតិ។ ភាពជោគជ័យទាំងនេះ ស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំការអនុវត្តវគ្គហ្វឹកហ្វឺនទាំងម្ចាស់ការខ្លួនឯង ទាំងការឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាប្រទេសជាមិត្ត តូចធំ ដែលស្រឡាញ់សន្តិភាព ជាពិសេសពីសាធារណរដ្ឋបារាំង។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺននាពេលនេះពិតជាមានលក្ខណៈសមស្រប និងមានសារៈសំខាន់ណាស់ក្នុងទិសដៅបង្កើត និងពង្រីកសមត្ថភាពដល់កងទ័ពឱ្យមានចំណេះដឹងបន្ថែមទាំងផ្នែកកម្ទេចគ្រឿងផ្ទុះ។ ធ្វើដូច្នេះយោធិនម្នាក់ៗនឹងមានការលើកកម្ពស់សមត្ថភាពរបស់ខ្លួន រួមចំណែករក្សាសន្តិភាពនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិឱ្យកាន់តែមានប្រសិទ្ធភាពទាន់ពេលវេលា និងចំគោលដៅ និងជួយលើកស្ទួយកិត្តិយសប្រទេសកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ដោយឡែក លោក ហ្វាប្រីស អេចេន ទីប្រឹក្សាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទាំងពីរ បារាំង-កម្ពុជា និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនការហ្វឹកហ្វឺនដល់កងកម្លាំងឱ្យប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព ស្របនឹងនិយាមរបស់អង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព៕
ដោយ៖ ចាន់ សុភឿន




