រមណីយដ្ឋានកោះសុក្រម ខេត្តក្រចេះ រងចាំស្វាគមន៍ទេសចរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- រមណីយដ្ឋានកោះសុក្រមបានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ កោះសុក្រម ស្រស់ស្អាតបែបធម្មជាតិ មានផ្កាចម្រុះពណ៌ មានកន្លែងថតរូបអនុស្សាវរីយ៍ មានរោងអង្គុយកម្សាន្តគយគន់សម្រស់បឹងធម្មជាតិ និងមានសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ យ៉ាងល្អគ្មានពីរ។

រមណីយដ្ឋានកោះសុក្រម ស្ថិតនៅឃុំដារ ស្រុកចិត្របុរី ចម្ងាយពីខេត្តក្រចេះ ១៥គីឡូម៉ែត្រពីក្រុងក្រចេះ។ បឹងកោះសុក្រមជារមណីយដ្ឋានធម្មជាតិមួយ ដែលរៀបចំឡើងនៅមាត់បឹងដ៏ធំល្វឹងល្វើយ ដោយមានទីកម្សាន្ត ព្រមទាំងមានលក់ម្ហូបអាហារដ៏ឆ្ងាញ់ពិសា។ ទីតាំងជាកម្មសិទ្ធិរបស់ចម្ប៉ាពេជ្រគ្រូប ដែលមានឈ្មោះថា បឹងកោះសុក្រម ឬក៏កោះសុក្រមទទួលទេសចរបែបធម្មជាតិ និងមានតូបពិសាអាហារជាច្រើនព័ទ្ធមាត់បឹង អាចហែលទឹកលេង ឬដើរលេងតាមស្ពានដ៏វែងទៅថតរូបកណ្ដាលបឹង។

រមណីយដ្ឋានកោះសុក្រម មានសេវាកម្មបម្រើអាហារផ្ទាល់នៅទីនោះផងដែរ។ បើលោកអ្នកចង់ទៅសម្រាកលំហែរកាយនៅ រមណីយដ្ឋានកោះសុក្រម អាចទាក់ទងព័ត៌មានបន្ថែមទូរស័ព្ទលេខ៖ 097 9088565៕

ដោយ ណយ នឿន (ប្រភព៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ)




