អភិបាលរងខេត្តអញ្ជើញចុះពិនិត្យការតុបតែងសម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល
AKP កណ្ដាល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការរៀបចំសោភណភាព និងអភិវឌ្ឍន៍ នៃគណៈកម្មការរៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី ព្រមទាំងមន្ទីរពាក់ព័ន្ធ កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានចុះពិនិត្យការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្តាល គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

លោក តាំង ម៉េងលាន បានជំរុញដល់ក្រុមការងារគ្រប់ផ្នែក ត្រូវពន្លឿនការរៀបចំតុបតែងភ្លើងលម្អ រុំ និងចងអំពូលតាមដើមឈើ នៅទីតាំងប្រារព្ធពិធីផ្សេងៗ និងនៅសាលាខេត្ត ឱ្យមានសោភ័ណភាពស្រស់បំព្រង ក្រុមការងារក៏ត្រូវគិតគូរយកចិត្តទុកដាក់ក្នុងការរៀបចំផ្គត់ផ្គង់អគ្គិសនី ម៉ាស៊ីនភ្លើង កង្ហារក្នុងកម្មវិធីនានាផងដែរ។ បន្ថែមពីលើនេះ លោកអភិបាលរងខេត្តក៏បានក្រើនរំលឹក ដល់ក្រុមការងារត្រូវត្រៀមជួយសម្របសម្រួលបណ្តាញអគ្គិសនី តភ្ជាប់នៅតាមទីតាំងតុបតែង និងទីតាំងកម្សាន្តក្នុងពិធីសង្ក្រាន្ត ដោយឡែកសម្រាប់រដ្ឋបាលក្រុង-ស្រុកក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការរៀបចំធ្វើក្លោងទ្វារកាត់ទទឹងផ្លូវ និងដាក់ផ្លាកប៉ាណូទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី នៅតាមក្រុង-ស្រុករៀងៗខ្លួន។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តក៏សូមសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមចូលរួមតុបតែងលម្អនៅតាមលំនៅឋាន និងនៅតាមដងផ្លូវមុខផ្ទះរបស់ខ្លួនឱ្យបានស្អាត កុំចោលសំរាមពាសវាសៗកាលត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានអនាម័យបរិស្ថានល្អ ដើម្បីទទួលបាននូវសេរីសួស្ដីឆ្នាំថ្មីទាំងអស់គ្នា។

លោកអភិបាលរងខេត្តក៏បានរំលឹកដល់ប្រជាពលរដ្ឋនៅពេលដែលដើរលេងកម្សាន្តសូមមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងថែរក្សាអនាម័យសណ្ដាប់ធ្នាប់សារធារណៈទាំងអស់គ្នា។ សូមចូលរួម ពេលចតយានយន្តតាមផ្ទះ ឬតាមដងផ្លូវសូមចតឱ្យមានសណ្ដាប់ធ្នាប់ ចៀសវាងកុំបង្កការកកស្ទះចរាចរណ៍។ ជាពិសេស សូមប្រជាពលរដ្ឋទាំងអស់កុំត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គិភ័យ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យចរន្តអគ្គិសនីក្នុងផ្ទះ ភ្លើងទៀនធូប ដើម្បីចៀសវាងបង្កគ្រោះអគ្គិភ័យជាយថាហេតុ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




