កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពចុះធ្វើសិក្ខាសាលាបណ្តុះបណ្តាល ដើម្បីជំរុញការងារកំណត់អត្តសញ្ញាណ និងការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ក្នុងខេត្តគោលដៅ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពចុះធ្វើសិក្ខាសាលាបណ្តុះបណ្តាល ដើម្បីជំរុញការងារកំណត់អត្តសញ្ញាណ និងការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ក្នុងខេត្តគោលដៅនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។

បន្ទាប់ពីឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើកិច្ចអន្ដរាគមន៍ស្ដីពីតួនាទីភារកិច្ចរបស់នាយកដ្ឋាន និងការធ្វើបទបង្ហាញអំពីសមិទ្ធផលដែលនាយកដ្ឋានសម្រេចបាននាពេលកន្លងមក ដោយ លោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។ បន្ទាប់ពីស្ដាប់កិច្ចអន្ដរាគមន៍ និងបទបង្ហាញរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារឱ្យសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ព្រមទាំងបានផ្ដល់ឱកាសជូនអង្គប្រជុំផ្ដល់មតិយោបល់ ដែលជាធាតុចូលលើនីតិវិធីនៃការចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច ដើម្បីពន្លឿនការអនុវត្តការងារនេះ ឱ្យកាន់តែឆាប់រហ័ស និងទទួលបានជោគជ័យ។

សូមបញ្ជាក់ជូនថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចបានចំនួន២១៣សហគមន៍ ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចសរុបចំនួន៤៥៥សហគមន៍ ដែលមាននៅក្នុងខេត្តគោលដៅទាំង១៥ នៅក្នុងប្រទេសកម្ពុជា រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និងសៀមរាប៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)




