ប្រតិភូប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក ជូនពរឆ្នាំថ្មីប្រពៃណីជនជាតិឡាវ នៅស្ថានអនុព័ន្ធយោធាឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក បានដឹកនាំប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក ជូនពរឆ្នាំថ្មីប្រពៃណីជនជាតិឡាវ ដល់ស្ថានអនុព័ន្ធយោធាឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ទោ ហេង មករា បានសម្តែងមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអំណរសាទរយ៉ាងក្លៀវក្លា និងសូមឆ្នាំថ្មី ប្រពៃណីជនជាតិឡាវ នាំមកនូវសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំង សហការី ទូទាំងស្ថានអនុព័ន្ធយោធាឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ប្រជាជនឡាវទាំងអស់ ដែលជាមិត្តភូមិផងរបងជាមួយននិងជាមិត្តនៃប្រទេសជាសមាជិកអាស៊ានដូចគ្នា នាំមកនូវ សេចក្តីសុខ សេចក្តីចំរើនរុងរឿង និងជោគជ័យគ្រប់ការងារ សូមជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ព និងប្រជាជន នៃប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ បានគង់វង្ស ស្ថិតស្ថេររឹងមាំ ជាអមតៈ ។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ហេង មករា ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងបញ្ជាការដ្ឋានកងទ័ពជើងគោក សូមចូលរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះថ្នាក់ដឹកនាំ កម្មាភិបាល ប្រជាជន និងក្រុមគ្រួសារនៃសពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធាន គណៈកម្មាធិការមជ្ឈិមនៃបក្សបដិវត្តន៍ឡាវ និងជាអតីតប្រធានរដ្ឋឡាវ ដែលបាន ទទួលមរណភាពកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)




