ឯកឧត្តម ឡាំ ជា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងពិនិត្យវឌ្ឍនភាពការងារកិច្ចការព្រំដែន (កម្ពុជា-ឡាវ)
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- នៅសាលប្រជុំធំនៃទីស្តីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងពិនិត្យវឌ្ឍនភាពការងារកិច្ចការព្រំដែនកម្ពុជា-ឡាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ ព្រមទាំងឯកឧត្តមអគ្គនាយកបច្ចេកទេស លោកអគ្គនាយករង លោកស្រីប្រធានមជ្ឈមណ្ឌលឯកសារ លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញបច្ចេកទេសពាក់ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសរុប១៥នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ ព្រមទាំងសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់របស់អគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន ដែលតែងតែបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត បញ្ញានិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើកិច្ចការព្រំដែនដ៏មានសារៈសំខាន់បំផុតសម្រាប់ជាតិមាតុភូមិ ក្នុងការការពារសន្តិភាព ស្ថិរភាព ឯករាជ្យជាតិ និងបូរណភាពទឹកដី។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តមអគ្គនាយកបច្ចេកទេសរួចមក ឯកឧត្តម រដ្ឋមន្ត្រី បានកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួនជូនអង្គប្រជុំ ដើម្បីបន្តពិនិត្យ និងពិភាក្សាក្នុងការប្រមូលធាតុចូលបន្ថែមទៀត ដើម្បីបន្តសកម្មភាពការងារក្នុងការចុះជួបចរចានិងអនុវត្តលើដីជាក់ស្តែងជាមួយសមភាគី។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកនិងគូសបញ្ជាក់អំពីសមិទ្ធផលជាប្រវត្តិសាស្រ្តនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយមានភាពច្បាស់លាស់ ត្រឹមត្រូវរឹងមាំ និងស្ថាពរ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឈដែលយើងទទួលបាននាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅធានាការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ទុកជាមរតកប្រវត្តិសាស្ត្រជូនកូនចៅខ្មែរគ្រប់ជំនាន់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គប្រជុំទាំងមូលដែលបានចូលរួមមតិយោបល់យ៉ាងផុសផុលក្នុងអង្គប្រជុំ និងផ្តល់អនុសាសន៍ណែនាំនូវចំណុចគន្លឹះសំខាន់ៗមួយចំនួនទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណាជំរុញឱ្យមានវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀត ព្រមទាំងត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយទាំងក្នុងការចរចា និងការចុះអនុវត្តការងារជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវឆន្ទៈ ស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់បំផុត ព្រមទាំងបានជូនពរថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់សូមមានសុខភាពល្អបរិបូរណ៍ សម្រេចបានគ្រប់ភារកិច្ចការងារ និងសូមប្រសិទ្ធពរជ័យជូនដល់ ឯកឧត្តម លោក លោកស្រីទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន )




