រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបរទេស បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក គីម យ៉ុងហូ (Kim Yung-ho) បានជួបជាមួយមន្ត្រីជាន់ខ្ពស់ជប៉ុននៅទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
ការិយាល័យរដ្ឋមន្ត្រីបាននិយាយថា លោក គីម ស្ថិតនៅក្នុងប្រទេសជប៉ុនសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរហូតដល់ថ្ងៃសុក្រ ដែលមានបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាបង្រួបបង្រួមអន្តរកូរ៉េនិងគោលនយោបាយកូរ៉េខាងជើងជាមួយរដ្ឋបាល លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) របស់ប្រទេសជប៉ុន។
ក្នុងអំឡុងពេលជំនួបជាមួយប្រធានខុទ្ទកាល័យជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) លោក គីម បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសន្តិសុខនៅក្នុងប្រទេសកូរ៉េខាងជើង និងបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ក៏ដូចជាការសម្របសម្រួលត្រីភាគីពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក។នេះបើយោងតាមសារព័ត៌មាន Kyodo របស់ប្រទេសជប៉ុន។
លោក គីម ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េខាងត្បូងចំពោះដំណោះស្រាយភ្លាមៗនៃបញ្ហាជនជាតិជប៉ុនដែលប្រទេសកូរ៉េខាងជើងចាប់ពង្រត់។
លោក គីម បានជួបពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya) ក្នុងអំឡុងពេលនោះលោកបានអំពាវនាវឱ្យរក្សាទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធ និងការកសាងទំនាក់ទំនងសហប្រតិបត្តិការតម្រង់ទិសនាពេលអនាគត ដើម្បីលើកកម្ពស់សន្តិភាពនៅឧបទ្វីបកូរ៉េ និងជុំវិញពិភពលោក។ លោក អ៊ីវ៉ាយ៉ា បានសង្កត់ធ្ងន់ថាទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរគឺមានសារៈសំខាន់នៅក្នុងបរិយាកាសយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ននេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





