កេនយ៉ាទទួលបានវ៉ាក់សាំងជំងឺ mpox ចំនួន ១០.៧០០ដូស
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសកេនយ៉ាកាលពីថ្ងៃព្រហស្បតិ៍បានទទួលវ៉ាក់សាំងជំងឺអ៊ឹមផក (mpox) ចំនួន ១០.៧០០ដូសដែលជាការជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។
លោក អាដេន ឌូអាឡេ (Aden Duale) លេខាធិការខុទ្ទកាល័យក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋាភិបាលបានទទួលវ៉ាក់សាំងដោយសហការជាមួយមជ្ឈមណ្ឌលទ្វីបអាហ្វ្រិកសម្រាប់ការគ្រប់គ្រង និងការពារជំងឺអង្គការសុខភាពពិភពលោកអង្គការ UNICEF និងអង្គការ Gavi ដែលជាសម្ព័ន្ធវ៉ាក់សាំង។
សេចក្តីថ្លែងការណ៍បាននិយាយថា «ការមកដល់នៃវ៉ាក់សាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការឆ្លើយតបរបស់ជាតិ ដើម្បីរំខានដល់ខ្សែសង្វាក់នៃការចម្លង និងកំណត់ការរីករាលដាលបន្ថែមទៀតនៃជំងឺនេះ»។
រដ្ឋមន្ត្រីបាននិយាយថា ប្រទេសកេនយ៉ានឹងប្រើប្រាស់វ៉ាក់សាំងនេះរួមជាមួយនឹងវិធានការអន្តរាគមន៍ផ្សេងទៀត ដើម្បីបង្កើនការឃ្លាំមើលនៅតាមព្រំដែន ការតាមដានទំនាក់ទំនង និងការព្យាបាល។
លោក ឌូអាឡេ បាននិយាយថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះនៅក្នុងប្រទេសកេនយ៉ាក្នុងខែកក្កដា ឆ្នាំ២០២៤ ប្រទេសនេះបានកត់ត្រាករណីដែលបានបញ្ជាក់ចំនួន ៦៧ករណី និងស្លាប់ម្នាក់។
ប្រទេសកេនយ៉ាស្ថិតក្នុងចំណោមប្រទេសអាហ្វ្រិកទាំង ៩ដែលបានចុះបញ្ជីក្នុងខែវិច្ឆិកាឆ្នាំមុនសម្រាប់ការបែងចែកកម្រិតថ្នាំវ៉ាក់សាំង mpox បន្ទាប់ពីការកើនឡើងនៃករណី។ ប្រទេសផ្សេងទៀតរួមមាន សាធារណរដ្ឋអាហ្វ្រិកកណ្តាល កូតឌីវ័រ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លីបេរីយ៉ានីហ្សេរីយ៉ា រវ៉ាន់ដា អាហ្វ្រិកខាងត្បូង និងអ៊ូហ្គង់ដា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





