ថៃ៖ ពន្ធរបស់សហរដ្ឋអាមេរិកនឹងប៉ះពាល់ដល់ទេសចរណ៍ក្នុងស្រុកក្នុងអំឡុងពេលពិធីបុណ្យសង្រ្កាន
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- ការធ្លាក់ចុះទីផ្សារភាគហ៊ុនដែលកំពុងដំណើរការដែលជំរុញដោយពន្ធគយរបស់សហរដ្ឋអាមេរិក អាចប៉ះពាល់ដល់អារម្មណ៍ទេសចរណ៍នៅក្នុងប្រទេសថៃសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ រួមទាំងថ្ងៃនៃពិធីបុណ្យសង្ក្រាន្តនៅសប្តាហ៍ក្រោយផងដែរ ដោយការកក់សណ្ឋាគារ និងក្រុមទេសចរណ៍មានចំនួនតិចជាងមុន។
លោក កាន់តាពង្ស ថាណានើងរាត់ (Kantapong Thananerngroth)ប្រធានសមាគមផ្សព្វផ្សាយទេសចរណ៍ថៃ បាននិយាយថា ភ្នាក់ងារទេសចរណ៍ក្នុងស្រុកជាច្រើនបានទទួលការកក់ពីក្រុមទេសចរណ៍ក្នុងស្រុកតិចជាងការរំពឹងទុកសម្រាប់ពិធីបុណ្យសង្រ្កាន ដោយសារការចំណាយធ្លាក់ចុះ និងការធ្លាក់ចុះនៃអារម្មណ៍ការធ្វើដំណើរ។
លោកបាននិយាយថា ក្រុមដែលមានប្រាក់ចំណូលពីមធ្យមទៅទាបកំពុងកាត់បន្ថយផែនការធ្វើដំណើរក្នុងស្រុក ខណៈដែលក្រុមចំណាយខ្ពស់បានជ្រើសរើសសម្រាប់ដំណើរកម្សាន្តក្រៅប្រទេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។
លោកបានកត់សម្គាល់ថា ប្រជាជនថៃជាច្រើនអាចនៅតែធ្វើដំណើរក្នុងស្រុកក្នុងអំឡុងពេលពិធីបុណ្យសង្ក្រាន្ត ប៉ុន្តែនឹងកម្រិតថវិកាចំណាយទិញទំនិញរបស់ពួកគេក្នុងអំឡុងពេលធ្វើដំណើរនោះ។ ការប្រុងប្រយ័ត្ននេះអាចបណ្តាលមកពីការព្រួយបារម្ភជាសាធារណៈអំពីព្រឹត្តិការណ៍ដែលមិនរំពឹងទុក ដូចជាពន្ធរបស់សហរដ្ឋអាមេរិក និងការរញ្ជួយដីកាលពីពេលថ្មីៗនេះជាដើម។
លោកបានព្យាករណ៍ថា ទេសចរណ៍ក្នុងស្រុកនៅក្នុងឆ្នាំនេះនឹងមានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំ២០២៤ ដោយសារមិនមានតម្រូវការធ្វើដំណើរច្រើនពីជំងឺរាតត្បាតកូវីដ-១៩ ដើម្បីជំរុញទីផ្សារ ខណៈដែលសេដ្ឋកិច្ចក៏មានការធ្លាក់ចុះផងដែរនោះ។
យោងតាមលោកស្រី មរកត គុលឌីឡូក (Morrakot Kuldilok)ប្រធានផ្នែកខាងកើតនៃសមាគមសណ្ឋាគារថៃ បានឱ្យដឹងថា ក្រុមគ្រួសារថៃមួយចំនួនបានកក់ទុកមុនសម្រាប់ពិធីបុណ្យសង្រ្កាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកធ្វើដំណើរវ័យក្មេងដែលជាធម្មតាធ្វើការកក់ទុកនៅនាទីចុងក្រោយនោះ អាចសម្រេចចិត្តលែងធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្តឆ្នាំនេះវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





