សហព័ន្ធឧស្សាហកម្ម៖ ថៃអាចបាត់បង់ចំណូល ២៥,៨ពាន់លានដុល្លារអាម៉េរិក ដោយសារពន្ធអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- សហព័ន្ធឧស្សាហកម្មថៃ(FTI) បានប៉ាន់ប្រមាណថា ប្រទេសថៃអាចទទួលរងការខាតបង់ប្រាក់ចំណូលប្រមាណ ៩០០ពាន់លានបាត (២៥,៨ពាន់លានដុល្លារអាម៉េរិក) ពីការដាក់ពន្ធគយ ៣៦% របស់រដ្ឋបាលសហរដ្ឋអាមេរិកទៅលើការនាំចេញទំនិញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក។
ប្រធាន FTI លោក គ្រាងក្រៃ ធៀននុគុណ (Kriangkrai Thiennukul) បាននិយាយថា ឧស្សាហកម្មថៃដែលរំពឹងថានឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការដំឡើងពន្ធនោះ រួមមានរថយន្ត ម្ហូបអាហារប្លាស្ទិក គីមី ដែក អាលុយមីញ៉ូម វាយនភណ្ឌ អេឡិចត្រូនិច និងគ្រឿងម៉ាស៊ីន។
សម្រាប់ឧស្សាហកម្មរថយន្ត លោកបាននិយាយថា ប្រទេសថៃបច្ចុប្បន្នកំពុងប្រឈមមុខនឹងពន្ធ ២៥% ដែលត្រូវបានដាក់តាំងពីខែមីនាហើយប្រសិនបើពន្ធគយ ៣៦% ត្រូវបានបន្ថែមនោះ ក្រុមហ៊ុនផលិតរថយន្តជាពិសេសក្រុមហ៊ុនផលិតម៉ូតូអាចនឹងផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេចេញពីប្រទេសថៃ។
លោកបាននិយាយថា ឧស្សាហកម្មម្ហូបអាហារនឹងរងផលប៉ះពាល់ដោយផ្ទាល់ ជាពិសេសអាហារកែច្នៃ និងអាហារសមុទ្រ នៅពេលដែលមានការដាក់ចេញពន្ធ ៣៦% នេះ ខណៈដែលបច្ចុប្បន្នវាត្រូវបានលើកលែងពន្ធ។
លោក គ្រាងក្រៃ បាននិយាយថា ការនាំចេញសារធាតុគីមីទៅកាន់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានតម្លៃប្រហែល ២ពាន់លានដុល្លារអាម៉េរិក ត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះ ហើយអ្នកទិញរបស់សហរដ្ឋអាមេរិកអាចបដិសេធវាយនភណ្ឌថៃ ដោយសារតែការកើនឡើងនៃតម្លៃដែលកើតឡើងពីពន្ធ ៣៦%។
FTI បានស្នើឱ្យរដ្ឋាភិបាលពន្លឿនកិច្ចចរចាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក និងកាត់បន្ថយពន្ធនាំចូលសម្រាប់ផលិតផលអាម៉េរិក ដូចជាពោត ត្រីធូណា និងសាច់ជាដើម ព្រមទាំងពិចារណាទៅលើការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ផលិតផលដែលផលិតនៅក្នុងប្រទេសថៃ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





