អាស៊ាន និងនូវែលសេឡង់ បើកកិច្ចសន្ទនាលើកទី៣២ នៅទីក្រុងដាណាង
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់អាស៊ាន (SOM) វៀតណាម លោក ដូ ហ៊ុងវៀត (Do Hung Viet) និងសមភាគីនូវែលសេឡង់ លោក ហ្រ្កាហាម៉េ ម៉ូតុន (Grahame Morton) បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាប្រចាំឆ្នាំអាស៊ាន-នូវែលសេឡង់លើកទី៣២ នៅទីក្រុងដាណាង ប្រទេសវៀតណាមកាលពីថ្ងៃទី០៩ ខែមេសា ខណៈដែលវៀតណាមសម្របសម្រួលទំនាក់ទំនងភាគីទាំងពីរសម្រាប់ឆ្នាំ២០២៤-២០២៧។
នៅក្នុងសុន្ទរកថារបស់លោក អនុរដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ទៅលើតួនាទីរបស់ប្រទេសនូវែលសេឡង់ជាដៃគូសន្ទនាដំបូងបង្អស់របស់អាស៊ាន ដោយលើកឡើងអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ កម្មវិធី និងគំនិតផ្តួចផ្តើមយ៉ាងទូលំទូលាយរបស់ខ្លួន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ក្នុងរយៈពេល ៥ទសវត្សរ៍កន្លងមកនេះ។
ចំពេលដែលមានការកើនឡើងនៃបញ្ហាប្រឈមជាសកល និងក្នុងតំបន់និងការបង្កើនការប្រកួតប្រជែងជាយុទ្ធសាស្ត្រ លោកបាននិយាយថា ភាពជាដៃគូអាស៊ាន-នូវែលសេឡង់ដ៏ជិតស្និទ្ធ និងទូលំទូលាយ គឺមានសារៈសំខាន់កាន់តែខ្លាំងឡើងក្នុងការពង្រឹងដំណើរការកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាពិសេសក្នុងការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលមានការបើកចំហ សេរីភាព យុត្តិធម៌ និងផ្អែកលើច្បាប់។
ដោយសម្លឹងឆ្ពោះទៅខួបលើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់នៅក្នុងឆ្នាំនេះ លោកបានកត់សម្គាល់ថា វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ភាគីទាំងពីរសម្រាប់កិច្ចពិភាក្សា និងស្នើឡើងនូវទិសដៅយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីលើកកម្ពស់ភាពជាដៃគូរបស់ពួកគេទៅកាន់កម្រិតថ្មីមួយ។
បណ្តាប្រទេសនៅអាស៊ាន និងប្រទេសនូវែលសេឡង់ បានអះអាងអំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ដោយសង្កត់ធ្ងន់ថា ភាគីទាំងពីរចែករំលែកនូវកង្វល់ ផលប្រយោជន៍ និងទស្សនៈវិស័យរួមគ្នាជាច្រើន ស្តីពីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





