ម៉ាឡេស៊ី និងកូរ៉េខាងត្បូង រៀបចំកិច្ចចរចាលើកទី៨ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានចាប់ផ្តើមកិច្ចចរចាលើកទី៨ របស់ពួកគេសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) កាលពីថ្ងៃទី០៨ ខែមេសា ខណៈដែលពួកគេស្វែងរកការពង្រីកផលប័ត្រពាណិជ្ជកម្មរបស់ពួកគេ និងបង្កើនកិច្ចសហប្រតិបត្តិការ។
ជុំចុងក្រោយនៃកិច្ចចរចា ស្តីពី FTA ដែលធ្វើឡើងនៅទីក្រុងសេអ៊ូលនេះ គ្រោងនឹងមានរយៈពេលបួនថ្ងៃ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង។
ក្រសួងនេះបាននិយាយបន្ថែមថា ភាគីទាំងពីរគ្រោងនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការធ្វើឱ្យកិច្ចចរចានេះមានភាពរីកចម្រើនទៅលើវិស័យចំនួន១០ ដែលរួមមានទាំងវិស័យទំនិញ សេវាកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម។
បន្ទាប់ពីការផ្អាកអស់រយៈពេល ៥ឆ្នាំ ប្រទេសទាំងពីរបានយល់ព្រមបន្តកិច្ចចរចាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីក្នុងខែមីនាឆ្នាំ២០២៤។
ប្រទេសកូរ៉េខាងត្បូងមាន FTA រួចហើយជាមួយអាស៊ាន ប៉ុន្តែខ្លួនកំពុងស្វែងរកការកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដាច់ដោយឡែកជាមួយសមាជិកនីមួយៗ រួមទាំងម៉ាឡេស៊ីផងដែរ។
ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្លុកនេះ មានលើសការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសចិនក្នុងរយៈពេលពីរខែជាប់ៗគ្នាក្នុងខែមីនា ចំពេលដែលមានការពង្រីកនៃការគាំពារពាណិជ្ជកម្មសកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





