ថៃ និងម៉ាឡេស៊ីសម្របសម្រួលសម្រាប់ជំនួយសង្គ្រោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសថៃកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារប្រទេសនេះកាលពីថ្ងៃទី២៨ ខែមីនាកន្លងមក។
រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាងគៀមពង្សា (Maris Sangiampongsa) បាននិយាយថា លោក និងសមភាគីម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាសាន់ (Mohamad Hasan) បានរួមគ្នាដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ទីក្រុងណៃពិដោររបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីវាយតម្លៃអំពីតម្រូវការបន្ទាន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនេះ។
លោករដ្ឋមន្ត្រី ម៉ារីស បានសង្កត់ធ្ងន់ថា អាទិភាពបន្ទាន់រួមមាន ការពង្រឹងការគាំទ្រផ្នែកវេជ្ជសាស្ត្រ កន្លែងស្នាក់នៅបណ្តោះអាសន្ន ម៉ាស៊ីនចម្រោះទឹក សម្ភារៈអនាម័យ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសំខាន់ៗដើម្បីការពារការរីករាលដាលនៃជំងឺ។
ក្នុងឱកាសនោះ ប្រទេសថៃ និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបានប្រកាសកិច្ចព្រមព្រៀងមួយដើម្បីសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា ស្តីពីការផ្តល់ជំនួយអន្តរជាតិ ដោយមានមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ទៅលើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ជាអ្នកសម្របសម្រួលកណ្តាល។
ក្នុងដំណាក់កាលដំបូង ប្រទេសថៃនឹងផ្តោតសំខាន់ទៅលើតំបន់ដែលរងផលប៉ះពាល់នៅក្នុងទីក្រុងម៉ាន់ដាឡេ ខណៈដែលម៉ាឡេស៊ីនឹងផ្តោតសំខាន់ទៅលើតំបន់នៅក្នុងទីក្រុងសាហ្គែន។
ការរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,៧រ៉ិចទ័របានវាយប្រហារទីក្រុងសាហ្គែននៃប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោងប្រហែល ១:០០នាទីរសៀល (ម៉ោងក្នុងតំបន់) បន្ទាប់មកក៏មានការរញ្ជួយដីកម្រិត ៦,៤រ៉ិចទ័រមួយទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





