ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនឡើងដល់ជិត ៣.៦៥០នាក់
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- ក្រុមការងារព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីជិតពីរសប្តាហ៍មុននោះ បានកើនឡើងដល់ ៣.៦៤៩នាក់ដោយមាន ៥.០១៨នាក់បានរងរបួស និង ១៤៥នាក់នៅតែបាត់ខ្លួន។
នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍កាលពីពេលថ្មីៗនេះថា ការរញ្ជួយដីចំនួន ៩៨ដងដែលមានទំហំចាប់ពី ២,៨រ៉ិចទ័រ ដល់ ៧,៥រ៉ិចទ័រ បានកើតឡើងចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយកាលពីថ្ងៃទី២៨ ខែមីនា។
ប្រទេសនេះបានបញ្ចប់ដំណាក់កាលស្វែងរក និងសង្គ្រោះរបស់ខ្លួនហើយបានចូលដល់ដំណាក់កាលកសាងឡើងវិញជាផ្លូវការ។ទោះជាយ៉ាងណាក៏ដោយ ដំណើរការស្តារ និងកសាងឡើងវិញកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតយ៉ាងធ្ងន់ធ្ងរ និងលក្ខខណ្ឌអាកាសធាតុមិនល្អ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





