ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រវាយប្រហារខេត្តប៉ាពួខាងលិច
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- ការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័របានកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្តប៉ាពួខាងលិចរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១០ ខែមេសា ម្សិលមិញនេះ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី បានរាយការណ៍ថា ការរញ្ជួយដីនេះមានជម្រៅ ៦០គីឡូម៉ែត្រ ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយ ១០៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃស្រុកអាស្មាត។
ការរាយការណ៍នោះបានបញ្ជាក់ថា គ្មានការព្រមានអំពីរលកយក្សស៊ូណាមិណាមួយត្រូវបានចេញផ្សាយនោះទេ។
ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសប្រជុំកោះ ងាយនឹងកើតមានការរញ្ជួយដីដោយសារទីតាំងរបស់វានៅលើរង្វង់ភ្លើងប៉ាស៊ីហ្វិកដែលមានសកម្មភាពរញ្ជួយច្រើន។ ប្រទេសនេះក៏មានភ្នំភ្លើងសកម្មចំនួន១២៧ ដែលមានសកម្មភាពផ្ទុះឡើងជាញឹកញាប់ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





