រថយន្ដក្រុងចំនួន៥៩៧គ្រឿងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបញ្ចេញដឹកបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥-- រថយន្តក្រុងចំនួន៥៩៧គ្រឿង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយឥតគិតថ្លៃ ដោយចេញដំណើរចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា ឆ្នាំ២០២៥ ទើបដឹកត្រឡប់ពីស្រុកំណើតមកភ្នំពេញវិញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី១០ មេសា ឆ្នាំ២០២៥ នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អនុវត្តទៅតាមការចង្អុលបង្ហាញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយឥតគិតថ្លៃ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញ រថយន្តក្រុងសម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីចំនួន៥៩៧គ្រឿង ក្នុងចំនួននេះបើមានការខ្វះខាត រដ្ឋបាលរាជធានីភ្នំពេញ និងបំពេញបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការចំណាយរបស់ពួកគាត់។ ការងារនេះ មិនត្រឹមតែសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋទេ យើងអាចកាត់បន្ថយបាននូវការឡើងថ្លៃរបស់រថយន្ត ដឹកអ្នកដំណើរឯកជនផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋផងដែរ ដោយឆ្នាំនេះ ជំងឺគ្រុនឈាមបានធ្លាក់ចុះ បើទោះបីមូសបានកើនឡើងច្រើនដូចអង្កាមយ៉ាងណាក្តី៕
ដោយ សួស សំរិត




