ឯកឧត្ដម ឡាំ ជា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់បដិសណ្ឋារកិច្ចនៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ង្វៀន ម៉ិញវូ បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីសោមន្សរីករាយជូនចំពោះឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានអនុញ្ញាត និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម និងគណៈប្រតិភូទាំងអស់ ក្នុងការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ជាមួយគ្នានេះដែរ ឯកឧត្ដម រដ្ឋមន្រ្ដីក៏បានស្វាគមន៍ចំពោះការអញ្ជើញរបស់ឯកឧត្ដម និងគណៈប្រតិភូមករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននាពេលនេះផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការបន្ដពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការដ៏ល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់ និងបានផ្លាស់ប្ដូរយោបល់ការងារទៅវិញទៅមកក្នុងនាមជាអ្នកជិតខាងល្អ និងប្តេជ្ញារក្សាទំនាក់ទំនងនេះកាន់តែមានភាពរីកចម្រើន និងរឹងមាំជាលំដាប់ស្របតាមស្មារតីនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» នៃប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការកោតសរសើរ និងបង្ហាញចំណាប់អារម្មណ៍ចំពោះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តមរដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងទទួលបន្ទុកក្នុងការដឹកនាំស្ថាប័នដែលមានបេសកកម្ម និងភារកិច្ចដ៏សំខាន់ពាក់ព័ន្ធនឹងអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីបានជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបន្តទៀតនាពេលខាងមុខ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូទាំងអស់ក៏បានជូនពរ ដល់ថ្នាក់ដឹកនាំទាំងអស់នៃ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពែណីខ្មែរនាពេលខាងមុខ សូមឱ្យបានជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)




