ឯកឧត្តម តែម ម៉ឺន ៖ វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យជាការសម្រួចបន្ថែម ក្នុងការឯកភាពគ្នាឱ្យទៅជាពុម្ពតែមួយនៃការកាត់សេចក្តីប្រកួតគុនខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥--ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគុសបញ្ជាក់ថា តាមរយៈវគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរគឺជាការសម្រួចបន្ថែម ក្នុងការសម្រេចឱ្យមានការឯកភាពគ្នា ឱ្យទៅជាពុម្ពតែមួយ ដូចមនុស្សតែមួយ ឯកសារតែមួយ ចំណេះដឹងតែមួយទៅលើភារកិច្ចទាំងពីរ គឺស្នងការប្រកួត និងគណៈវិនិច្ឆ័យ។

នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទវគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ឯកឧត្តម តែម ម៉ឺន បានជំរុញឱ្យមន្ត្រីបច្ចេកទេសទាំងអស់ត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តការងារជាក់ស្តែងឱ្យអស់ពីសមត្ថភាព និងប្រកបដោយឆន្ទៈជាមួយនឹងការប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈ ដែលជាស្នងការប្រកួត គណៈវិនិច្ឆ័យ ដោយពេលខ្លះលទ្ធផលនៃការប្រកួតខ្លះចេញមកមានការលំបាក ប៉ុន្តែយើងត្រូវមានវិធីសាស្ត្រដ៏ឆ្លាសវៃ ក្នុងការសម្រួចបន្ថែម ក្នុងការសម្រេចឱ្យមានការឯកភាពគ្នា ឱ្យទៅជាពុម្ពតែមួយ ដូចមនុស្សតែមួយ ឯកសារតែមួយ ចំណេះដឹងតែមួយទៅលើភារកិច្ចទាំងពីរ គឺស្នងការប្រកួត និងគណៈវិនិច្ឆ័យ។

តាមរយៈវគ្គបំប៉នដ៏មានសារៈសំខាន់នេះបានបន្ថែមចំណេះដឹងថ្មីៗបន្ថែមទៀតដល់មន្ត្រីបច្ចេកទេស ដើម្បីយកទៅបម្រើដល់ការប្រកួតឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមបានណែនាំឱ្យមន្ត្រីបច្ចេកទេសដែលចូលរួមក្នុងវគ្គបំប៉ននេះសូមយកទៅប្រើប្រាស់ឱ្យចំគោលដៅជាមួយនឹងការគោរពវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសបញ្ហានានាដែលធ្លាប់កើតមានឡើងកន្លងទៅ។

ឯកឧត្តម តែម ម៉ឺន លើកឡើងបែបនេះថា ៖«ពេលចេះហើយកុំអួតពេក ខ្ញុំឃើញហើយអ្នកអួត គ្មានបានអីទេ កាន់ចេះ កាន់តែទន់ភ្លន់ ហើយត្រូវជួយដល់អ្នកមិនចេះ ដោយកាន់តែបង្កើតវប្បធម៌ស្អាតស្អំ ការគោរពស្រឡាញ់មកធ្វើជាមូលដ្ឋានគ្រឹះនៃសាមគ្គីភាពផ្ទៃក្នុង។ ចំពោះការកាត់សេចក្តី ក្នុងការដឹកនាំការប្រកួតនៅតាមសង្វៀនប្រដាល់គុនខ្មែរនានាក៏ត្រូវប្រុងប្រយ័ត្ន ដោយត្រូវឈរលើស្មារតីយុត្តិធម៌នៃការប្រកួតជាដើម។ យើងត្រូវស្គាល់តួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់គុណតម្លៃអ្វីដែលយើងបានរៀន ហើយយកទៅអនុវត្តឱ្យបានត្រឹមត្រូវច្បាស់លាស់ នៅពេលនោះការវិនិច្ឆ័យនោះនឹងបានទទួលបានការគាំទ្រពីមនុស្សភាគច្រើនដែលគេពេញចិត្តយើង»។

ជាមួយគ្នានេះ លោក សៀន សុភក្ត្រ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានជម្រាបជូនថា វគ្គបំប៉នសមត្ថភាព គណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧-១០ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។ លទ្ធផលនៃវគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរនាថ្ងៃនេះមានសិក្ខាមចូលរួមចំនួន ៣០នាក់ ស្រី១នាក់មកពីតាមក្រុមទាំង ៦ ដែលបាននឹងកំពុងចូលរួមដឹកនាំការប្រកួតនៅតាមស្ថានីយទូរស្សន៍ និងតាមខេត្ត ដែលសហព័ន្ធកីឡាប្រដាល់គុន ខ្មែរបានរៀបចំជារៀងរាល់សប្តាហ៍ ក៏ដូចជាព្រឹត្តិការណ៍ធំៗទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងនោះលទ្ធផលដែលសិក្ខាកាមសម្រេចបាន មានកម្រិតល្អណាស់ ៣% ល្អ ៥៧% និងមធ្យម ៤០%៕

ដោយ ហេង ណាលីន





