ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចុះសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំលេខ២
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណ:ប្រតិភូខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព មន្ត្រីរាជការ នៃរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំលេខ២ ដែលឈរជើងនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពដោយគូសបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានដឹកនាំគណ:ប្រតិភូខេត្តព្រះសីហនុ ចុះសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងការរួមរស់ នៅក្រោមម្លប់សន្តិភាព។


ឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះអស់លោកជាមេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ៤ និងគ្រួសារកងទ័ព ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកៀកស្មាគ្នា សាមគ្គីភាព ឯកភាពផ្ទៃក្នុងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ហើយសកម្មភាពការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍក្នុងអង្គភាពមានការរីកចម្រើន ហើយរាល់សកម្មភាព និងការលះបង់ធ្វើពលីកម្មរបស់បងប្អុនកងកម្លាំងប្រដាប់អាវុធរបស់យើងពិតជាមានសារសំខាន់ណាស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជូនពរមេបញ្ជការ មេបញ្ជាការរង និងពលទាហានកងពលតូចអន្តាគមន៍លេខ៤ ឈរជើងនៅទិសខេត្តឧត្តរមានជ័យ សូមសម្រេចបានជោគជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ភារកិច្ចដល់ក្រុមគ្រួសារ និងជាតិមាតុភូមិ យើងត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញចក្ខុវិស័យប្រទេស ជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់២០៥០ និងការដាក់ចេញនូវយុទ្ធសាស្ត្រ គោលនយោបាយបញ្ចកោណតំណាក់កាលពី១ ដោយផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយឡែកយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១: មនុស្ស មានសុខភាពល្អ មានចំណេះជំនាញ និងបទពិសោធន៍ មានការងារធ្វើ ពង្រឹងគុណភាពសុខាភិបាល។


ឯកឧត្តមអភិបាលក៏បានធ្វើការផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវការងារចាំបាច់មួយចំនួនដូចជា៖ ១-ត្រូវមានវិជ្ជាជីវៈ ស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជនឱ្យបានម៉ឺងម៉ាត់នូវរាល់ បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ និងបទដ្ឋានគតិយុត្តនានា ប្រកាន់ភ្ជាប់នូវសេចក្ដីថ្លៃថ្នូរ ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។ ២-ត្រូវយកចិត្តទុកដាក់ ការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ស្របទៅនឹងតម្រូវការជំនាញ និងគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធា ស្បៀងអាហារឱ្យបានត្រឹមត្រូវ និងរក្សាឪ្យបានគង់វង្ស។ ៣-ត្រូវហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្សទាំងបរិមាណ និងគុណភាពឱ្យមានប្រសិទ្ធភាព។ ត្រូវពង្រឹងការហាត់ និងលេងកីឡាផ្សេងៗ ជាពិសេសបង្កើនជំនាញដល់យោធិនស្របទៅតាមភារកិច្ច និងយុទ្ធវិធីចាំបាច់ អភិរក្សក្បាច់គុណដែលបុព្វបុរសយើងបានបន្សល់ទុក ដូចជាក្បាច់គុណល្បុក្កតោ យុទ្ធគុណខម និងគុណខ្មែរ។ ៤-ត្រូវបន្តការងារអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិដែលអាចនឹងកើតឡើងជាយ ថាហេតុ បង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន។ ផ្តល់សេវាថែទាំព្យា បាលសុខភាព សហការជាមួយអាជ្ញាធរដែនដីក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ការងារដោះមីនរំដោះដីស្រែជាដើម។ ៥-ត្រូវយកចិត្តទុកដាក់លើការធានាកិច្ចការភស្តុភារ និងសុខាភិបាល ដើម្បីធានានូវជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពរបស់យើងកាន់តែល្អប្រសើរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្តម្ភជូនកងពលតូចអន្តរាគមន៍លេខ៤ ចំនួន២០លានរៀល វរសេនាតូចលេខ២៤១, ២៤២, ២៤៣ និង២៤៤ ក្នុងមួយវរសេនាតូចចំនួន៥លានរៀល។ ជូនគ្រួសារកងទ័ព ២៦៣នាក់ ម្នាក់ ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៨នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល ស្តី្រមានផ្ទៃពោះ ១៦នាក់ ក្នុងម្នាក់ ១០០ដុល្លាអាមេរិក សិស្សានុសិស្ស ២៣៦នាក់ ក្នុងម្នាក់១ម៉ឺនរៀល សៀវភៅ ៥ក្បាល ប៉ិច ៣ដើម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕
ដោយ ងូ សុមុនី





