ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើង៩,៨ភាគរយ គិតត្រឹម៣ខែដំបូងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥-- កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ជាង ៦,៨ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៣ខែដំបូងឆ្នាំ២០២៤ កើនឡើង ៩,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែរការនាំចេញទៅកាន់ទីផ្សារអាមេរិកមានការនាំមុខ។
យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ ១៤,៤ពាន់លានដុល្លារ កើនឡើង ១៥,៦ភាគរយ ដោយក្នុងនោះការនាំចូលមានទឹកប្រាក់ចំនួន ៧,៥ពាន់លានដុល្លារ កើនឡើង ២១,៥ភាគរយ។
ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអាមេរិកមានតម្លៃជាង ២,៤ពាន់លានដុល្លារ កើនឡើង ២២,២ភាគរយ, ចិនមានតម្លៃជាង ៣៤៨លានដុល្លារ ធ្លាក់ចុះ ៤.៩ភាគរយ, និងជប៉ុនមានតម្លៃជាង ៤៣០លានដុល្លារ កើនឡើង ១៧.៩ភាគរយ រួមនឹងទីផ្សារផ្សេងទៀត។
សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។
ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី សរសៃអំបោះសិប្បនិម្មិតខ្លីៗ យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត៕

ដោយ៖ ស្រីពេជ្រ





