ក្រសួងប្រៃសណីយ៍បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញឌីជីថលដល់មន្ត្រីកសិកម្មឃុំ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- វិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ផ្ដើមពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញឌីជីថលលើប្រធានបទ “អក្ខរកម្មព័ត៌មាន ទិន្នន័យ និងសន្តិសុខសាយប័រ” ជូនដល់មន្ត្រីកសិកម្មឃុំ ចំនួន១០០០រូប ក្រោមការគាំទ្រថវិកាបណ្ដុះបណ្ដាលដោយមូលនិធិស.អ. របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការស្នាក់នៅ និងអាហារ របស់មន្ត្រីកសិកម្មឃុំ ដោយអង្គការ GIZ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការ អំពីអក្ខរកម្មទិន្នន័យ សន្តិសុខសាយប័រ ឯកជនភាពទិន្នន័យ កម្មវិធីផលិតភាពនានា និងវិធានការការពារ ទាំងលើឧបករណ៍ និងប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចឱ្យមន្ត្រីរាជការបំពេញកិច្ចការរបស់ខ្លួនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាចប្រើប្រាស់ទិន្នន័យជាគោលក្នុងការសម្រេចចិត្តនានា ជាពិសេសចូលរួមការកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នៅក្នុងឆ្នាំ២០២៤ វិទ្យាស្ថានក៏ធ្លាប់បានបើកវគ្គបណ្ដុះបណ្ដាលខាងលើជូនមន្ដ្រីកសិកម្មឃុំចំនួន ២៥០ នាក់ មកពីខេត្តក្រុងនៅទូទាំងផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





