ប្រមុខកងទ័ពជើងទឹកកូរ៉េខាងត្បូង និងអេក្វាឌ័រ ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- កងទ័ពជើងទឹកបាននិយាយថា មេបញ្ជាការកងទ័ពជើងទឹកកំពូលនៃប្រទេសកូរ៉េខាងត្បូង និងអេក្វាឌ័របានជួបពិភាក្សាគ្នាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មយោធា និងអាវុធ។
លោក យ៉ាង យ៉ុងម៉ូ (Yang Yong-mo) បានជួបសមភាគីអេក្វាឌ័រ គឺលោក មីហ្គែល សាន់ទីអាហ្គោ ខ័រដូវ៉ា ចេហាប់ (Miguel Santiago Cordova Chehab) នៅទីស្នាក់ការកណ្តាលរបស់កងទ័ពជើងទឹកក្នុងទីក្រុងយឺយ៉ុង Gyeryong មានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូលសម្រាប់កិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើនការផ្លាស់ប្តូរបុគ្គលិក និងដំណើរទស្សនកិច្ចនៅកំពង់ផែនាវាចម្បាំង ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់កងទ័ពជើងទឹករបស់ពួកគេដើម្បីធ្វើកិច្ចពិភាក្សាជាទៀងទាត់។
លោក ខ័រដូវ៉ា នឹងចូលរួមក្នុងពិធីមួយចំពោះការផ្ទេរនាវាយាមល្បាតឆ្មាំឆ្នេរសមុទ្រទម្ងន់ ៣.០០០តោនទៅកាន់កងនាវាចរអេក្វាឌ័រនៅឯកន្លែងផលិតកប៉ាល់ក្នុងទីក្រុងម៉ុកប៉ូ មានចម្ងាយប្រហែល ៣១០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ រដ្ឋាភិបាលបានប្រកាសកាលពីឆ្នាំមុនថា ខ្លួននឹងបរិច្ចាគនាវាដែលត្រូវបានប្តូរឈ្មោះជាចាមបេលី (Jambeli) ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





