ជនចំណាកស្រុកអាហ្រ្វិក ២៣នាក់ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្រអាល់ហ្សេរី
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិបានប្រកាសថា កងទ័ពជើងទឹកអាល់ហ្សេរីបានជួយសង្គ្រោះជនចំណាកស្រុកគ្មានឯកសារចំនួន ២៣នាក់ដែលមានដើមកំណើតពីទ្វីបអាហ្រ្វិក បន្ទាប់ពីទូករបស់ពួកគេត្រូវបានជាប់គាំងនៅឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះ។
ប្រតិបត្តិការជួយសង្គ្រោះបានកើតឡើងប្រហែល ២០ម៉ាយពីខាងជើងនៃតំបន់ Cap Djinet ក្នុងខេត្តប៊ូមឺដេស មានចម្ងាយប្រហែល ៦០គីឡូម៉ែត្រភាគឦសាននៃទីក្រុង Algiers ។
ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការប៉ុនប៉ងធ្វើចំណាកស្រុកកាន់តែខ្លាំងឡើងនៅតាមព្រំដែនប្រទេសអាល់ហ្សេរី។ កាលពីសប្តាហ៍មុន ឆ្មាំឆ្នេរសមុទ្របានស្ទាក់ចាប់ជនចំណាកស្រុកចំនួន ៧៨នាក់នៅឯសមុទ្រខណៈដែលអង្គភាពកងទ័ពជើងទឹកបានឃាត់ខ្លួនមនុស្សចំនួន ១៤៥នាក់ផ្សេងទៀតដែលប៉ុនប៉ងឆ្លងកាត់ព្រំដែនគោករបស់ប្រទេស។
ប្រទេសអាល់ហ្សេរីគឺជាផ្លូវឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ជនចំណាកស្រុកមកពីអនុតំបន់សាហារ៉ាទ្វីបអាហ្រ្វិកដែលព្យាយាមធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបតាមរយៈសមុទ្រមេឌីទែរ៉ានេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





