អ្នកទោសអាហ្វហ្គានីស្ថានជាង ១០០នាក់ត្រូវបានដោះលែងពីពន្ធនាគារប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- ក្រសួងជនភៀសខ្លួន និងមាតុភូមិនិវត្តន៍បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសអាហ្វហ្គានីស្ថានសរុប ១០១នាក់ដែលកំពុងជាប់ឃុំឃាំងក្នុងប្រទេសប៉ាគីស្ថានត្រូវបានដោះលែងឱ្យវិលត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា អ្នកជាប់ឃុំបានវិលត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញតាមរយៈព្រំដែលឆ្លងកាត់Spin Boldak ក្នុងខេត្តកាន់ដាហារ ភាគខាងត្បូង។
កាលពីសប្តាហ៍មុន ជនជាតិអាហ្វហ្គានីស្ថានចំនួន ២២៣នាក់ដែលជាប់ឃុំឃាំងក្នុងប្រទេសប៉ាគីស្ថានត្រូវបានដោះលែង និងវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ រដ្ឋាភិបាលប៉ាគីស្ថានគ្រោងនឹងនិរទេសជនជាតិអាហ្វហ្គានីស្ថានចំនួន ៣លាននាក់ឱ្យវិលត្រលប់ទៅប្រទេសកំណើតវិញនៅឆ្នាំ២០២៥។
រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានជំរុញម្តងហើយម្តងទៀតនូវជនភៀសខ្លួនអាហ្វហ្គានីស្ថានឱ្យវិលត្រឡប់មកវិញ និងជួយកសាងប្រទេសដែលហែកហួរដោយសង្រ្គាមរបស់ពួកគេឡើងវិញ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





