ប្រធានាធិបតីអ៊ុយក្រែនតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានចុះហត្ថលេខាលើឯកសារមួយដើម្បីតែងតាំង លោក អូលេកសាន់ដឺ នេជីតៃឡូ (Oleksandr Nechytailo) ជាឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ុយក្រែនប្រចាំនៅប្រទេសចិន។
លោក នេជីតៃឡូ មានអាយុ ៥១ឆ្នាំជាអ្នកការទូតជើងចាស់នឹងជំនួសលោក ប៉ាវឡូ រៀប៊ីគីន (Pavlo Riabikin) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសចិនកាលពីខែមេសាឆ្នាំ២០២៣។
លោក នេជីតៃឡូ បានបម្រើការជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសម៉ាឡេស៊ីកាលពីខែមិថុនា ឆ្នាំ២០១៦ ហើយត្រូវបានទទួលស្គាល់ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសហ្វីលីពីនពីខែកញ្ញា ឆ្នាំ២០១៧ ដល់ខែឧសភាឆ្នាំ២០២២។
នៅឆ្នាំ១៩៩៥ លោក នេជីតៃឡូ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិ Kiev Taras Shevchenko ជាមួយនឹងសញ្ញាប័ត្រPhilology ។ លោកមានឯកទេសជាគ្រូបង្រៀនភាសា និងអក្សរសាស្ត្រអ៊ុយក្រែន ព្រមទាំងភាសា និងអក្សរសាស្ត្រចិន។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ លោក នេជីតៃឡូ អាចនិយាយបានទាំងភាសាចិន និងភាសាអង់គ្លេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





