នាយករដ្ឋមន្ត្រីអេស្ប៉ាញនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោកផេដ្រូ សាន់ចេហ្ស (Pedro Sanchez) នឹងមកបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមេសា។
ដោយកត់សម្គាល់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទីបីរបស់លោក សាន់ចេហ្ស មកកាន់ប្រទេសចិនក្នុងរយៈពេល ៣ឆ្នាំ អ្នកនាំពាក្យ លោក លីន ចៀន (Lin Jian) បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងជួបជាមួយលោក សាន់ចេហ្ស ហើយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ក៏នឹងជួបពិភាក្សាជាមួយលោក សាន់ចេហ្ស ផងដែរ។
លោក លីន បាននិយាយថា ប្រទេសអេស្ប៉ាញគឺជាដៃគូដ៏សំខាន់របស់ប្រទេសចិននៅក្នុងសហភាពអឺរ៉ុប លោកបានបន្ថែមថា ប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ហើយទំនាក់ទំនងចិន-អេស្បាញ គឺស្ថិតនៅជួរមុខនៃទំនាក់ទំនងរបស់ប្រទេសចិនជាមួយបណ្តាប្រទេសអឺរ៉ុប។
ឆ្នាំនេះគឺជាខួបលើកទី២០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អេស្ប៉ាញ។ លោក លីន បាននិយាយថា លោកសង្ឃឹមថាភាគីទាំងពីរនឹងយកដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្រ ពង្រីកការបើកចំហនិងកិច្ចសហប្រតិបត្តិការ រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល និងជំរុញឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





