សមាជិកសភាកំពូលចិនជួបពិភាក្សាជាមួយប្រធានសភាហ្វាំងឡង់
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- លោក ហ្សៅ ឡេជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិចិន (NPC) បានជួបពិភាក្សាជាមួយ លោក ជូសស៊ី ហាលឡា អាហូ (Jussi Halla-aho)ប្រធានសភាហ្វាំងឡង់នៅទីក្រុងប៉េកាំង ដោយលោកបានអំពាវនាវឱ្យបង្កើតបរិយាកាសផ្លូវច្បាប់ប្រកបដោយស្ថិរភាព និងអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង។
ដោយកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងហ្វាំងឡង់ លោក ហ្សៅ បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសហ្វាំងឡង់ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីរ ហើយជំរុញភាពជាដៃគូសហប្រតិបត្តិការដែលផ្តោតលើអនាគតរវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា ប្រទេសចិនសង្ឃឹមថា ប្រទេសហ្វាំងឡង់នឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ យល់ និងគាំទ្រសិទ្ធិស្របច្បាប់របស់ប្រទេសចិន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួននិងពង្រឹងមូលដ្ឋានគ្រឹះនយោបាយនៃការជឿទុកចិត្តគ្នាទៅវិញទៅមក។
លោក ហាលឡា អាហូ បាននិយាយថា ក្នុងនាមជាប្រទេសសំខាន់ជាប្រវត្តិសាស្ត្រ ប្រទេសចិនសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយលោកបានបន្ថែមថាប្រទេសហ្វាំងឡង់ប្រកាន់ខ្ជាប់ និងបន្តអនុវត្តគោលនយោបាយចិនតែមួយនិងទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិន។
លោកបាននិយាយថា ប្រទេសហ្វាំងឡង់ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង រក្សាពាណិជ្ជកម្មសេរី និងដោះស្រាយបញ្ហាប្រឈមរួមគ្នាដោយផ្អែកលើការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ លោកបានបន្ថែមថា សភាហ្វាំងឡង់ទន្ទឹងរង់ចាំការបង្កើនការចូលរួមរបស់ប្រទេសចិនដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើឱ្យទំនាក់ទំនងហ្វាំងឡង់-ចិន កាន់តែស៊ីជម្រៅ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេ





