ក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តពន្ធនាំចូលទៅលើទំនិញអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- សេវាសារព័ត៌មានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុបបាននិយាយថា ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានអនុម័តកញ្ចប់ពន្ធនាំចូលដំបូងទៅលើទំនិញរបស់សហរដ្ឋអាមេរិកដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែមេសាខាងមុខនេះ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា «រដ្ឋជាសមាជិកសហភាពអឺរ៉ុបបានបោះឆ្នោតគាំទ្រចំពោះសំណើរបស់គណៈកម្មការអឺរ៉ុប ដើម្បីដាក់ចេញនូវវិធានការពាណិជ្ជកម្មប្រឆាំងនឹងសហរដ្ឋអាមេរិក»។ ពន្ធនាំចូលដែលត្រូវបានណែនាំជាការឆ្លើយតបទៅនឹងពន្ធការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសហភាពអឺរ៉ុបនោះ នឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១៥ខែមេសា។
សេចក្តីលម្អិតនៃពន្ធនាំចូលថ្មីនេះមិនត្រូវបានផ្តល់ឱ្យទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយដ៏ធំបានរាយការណ៍នៅពេលមុននេះជាពិសេសទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ពន្ធនាំចូលនោះនឹងមានរហូតដល់ ២៥% និងគ្របដណ្តប់ទៅលើការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់សហភាពអឺរ៉ុបដែលមានតម្លៃ ២១ពាន់លានអឺរ៉ូ។
ពន្ធនាំចូលនោះនឹងគ្របដណ្តប់ទៅលើទំនិញកសិកម្ម ឧស្សាហកម្ម និងផលិតផលផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដែលរួមមានទាំងម៉ូតូ និងខោខូវប៊យផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





