ទំនាក់ទំនងចិន-អាស៊ានមានភាពស្វាហាប់ និងប្រកបដោយផ្លែផ្កា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសចិនបាននិយាយអំពីទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ដោយបានពណ៌នាថាវាជាគំរូមួយក្នុងចំណោមគំរូដ៏សកម្ម និងប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំមួយកាលពីពេលថ្មីៗនេះអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្នដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៅទូទាំងទ្វីបអាស៊ីនិងនាំមកនូវស្ថិរភាព និងក្តីសង្ឃឹមកាន់តែច្រើនទៅកាន់ពិភពលោកតាមរយៈការកសាងសហគមន៍អាស៊ីជាមួយនឹងអនាគតរួមគ្នា។
សុន្ទរកថារបស់លោកបានធ្វើឡើងបន្ទាប់ពីអត្ថបទថ្មីៗនេះរបស់ក្លឹបពិភាក្សាអន្តរជាតិ Valdai របស់រុស្ស៊ីដែលបានកត់សម្គាល់ថា ប្រទេសចិននិងអាស៊ានកំពុងក្លាយជាមជ្ឈមណ្ឌលនៃឥទ្ធិពលថ្មីនៅអាស៊ីបូព៌ា ហើយបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរបស់ពួកគេមានសារៈសំខាន់យ៉ាងជ្រាលជ្រៅមិនត្រឹមតែសម្រាប់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អន្តរជាតិដ៏ទូលំទូលាយផងដែរ។
លោក លីន បាននិយាយថា ចាប់តាំងពីការបង្កើតទំនាក់ទំនងកិច្ចសន្ទនាកាលពីជាង ៣០ឆ្នាំមុនមក ប្រទេសចិន និងអាស៊ានបានបង្កើតផ្លូវនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ មានស្ថិរភាព និងមានភាពរស់រវើក។
ប្រទេសចិន និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមកក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា។ នៅក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់តម្លៃ ៦,៩៩ពាន់ពាន់លានយន់ (៩៥៣ពាន់លានដុល្លារអាម៉េរិក)។
តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន គឺជាតំបន់ពាណិជ្ជកម្មសេរីដំបូងគេដែលបានចរចា និងបង្កើតឡើងដោយប្រទេសចិន ហើយក៏ជាតំបន់ទីមួយនៅក្នុងអាស៊ានផងដែរ។ កាលពីខែតុលាឆ្នាំមុន ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពន្លឿនការងារដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្លូវច្បាប់ និងនីតិវិធីក្នុងស្រុក ដើម្បីជំរុញការចុះហត្ថលេខាលើពិធីសារនៃធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរី ៣.០ ចិន-អាស៊ាននៅក្នុងឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





