រុស្ស៊ីនិយាយថា ដំណោះស្រាយអ៊ុយក្រែននឹងត្រូវបានពិភាក្សានៅរាល់កិច្ចប្រជុំនៅខាងក្រៅវេទិកាការទូតអាន់តាលីយ៉ា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពនៅអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងត្រូវបានលើកឡើងនៅក្នុងរាល់កិច្ចប្រជុំទាំងអស់របស់អ្នកការទូតកំពូលរុស្ស៊ីលោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) ដែលធ្វើឡើងនៅខាងក្រៅវេទិកាការទូតអាន់តាលីយ៉ា (Antalya)។
ឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មានអាណាដូលូ(Anadolu) ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅទីក្រុងម៉ូស្គូទាក់ទងនឹងជំនួបដ៏មានសក្តានុពលរវាងអ្នកការទូតរុស្ស៊ី និងអ៊ុយក្រែន លោកស្រី ហ្សាខារ៉ូវ៉ា បានកត់សម្គាល់ថា ទីក្រុងគៀវមិនបានស្នើសុំទំនាក់ទំនងបែបនេះទេ។
ចំណុចទីមួយ គឺថា កាលវិភាគនៃកិច្ចប្រជុំទ្វេភាគីសម្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ នៅវេទិកាការទូតអាន់តាលីយ៉ាកំពុងត្រូវបានបញ្ចប់។ ចំណុចទីពីរដែលខ្ញុំអាចបញ្ជាក់បានយ៉ាងប្រាកដនោះគឺថាលោកនឹងមានកិច្ចប្រជុំជាច្រើន។
លោកស្រី ហ្សាខារ៉ូវ៉ា ក៏បានបញ្ជាក់ផងដែរថា លោកស្រីមិនបានដឹងអំពីកិច្ចប្រជុំណាមួយដែលនឹងផ្តោតការយកចិត្តទុកដាក់តែលើបញ្ហាអ៊ុយក្រែននោះទេ។
ចំណុចទីបី និងជាចំណុចសំខាន់នោះ គឺថាស្ថានភាពជុំវិញអ៊ុយក្រែនច្បាស់ជានឹងត្រូវបានពិភាក្សានៅក្នុងរាល់កិច្ចប្រជុំទាំងនោះ។
លោកស្រីបាននិយាយបន្ថែមថា ការរៀបចំកំពុងដំណើរការសម្រាប់កិច្ចប្រជុំរវាងលោក ឡាវរ៉ូវ និងរដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន់ ហ្វីដាន់ (Hakan Fidan) ក៏ដូចជារដ្ឋមន្ត្រីការបរទេសមួយចំនួនទៀតដែលចូលរួមក្នុងវេទិកានោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





