ចិនបង្កើនសង្គ្រាមពាណិជ្ជកម្មដោយការដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកដល់ ៨៤%
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសចិន កាលពីថ្ងៃពុធបានដំឡើងពន្ធបន្ថែមលើការនាំចូលរបស់សហរដ្ឋអាមេរិកទាំងអស់ដល់៨៤% ដែលធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មកាន់តែកើនឡើងជាមួយនឹងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចាប់ផ្តើមដំឡើងពន្ធយ៉ាងច្របូកច្របល់ទៅលើសម្ព័ន្ធមិត្ត ក៏ដូចជាគូប្រជែងមួយចំនួន។
សហរដ្ឋអាមេរិកបានដំឡើងពន្ធទៅវិញទៅមកទៅលើការនាំចូលរបស់ចិនដល់ ១០៤% ដែលមានប្រសិទ្ធភាពនៅថ្ងៃនេះ។
យោងតាមសារព័ត៌មានក្លូបលថាមស៍ដែលគ្រប់គ្រងដោយរដ្ឋ បានឱ្យដឹងថា គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិនបាននិយាយថា«ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន គឺជាកំហុសមួយដ៏ខ្លាំង ដោយវាបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន ហើយធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានមូលដ្ឋានផ្អែកលើច្បាប់»។
ដោយឡែក ទីក្រុងប៉េកាំងក៏បានបន្ថែមក្រុមហ៊ុនរបស់អាម៉េរិកចំនួនប្រាំមួយទៀតទៅក្នុង «បញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន» និងអង្គភាពអាម៉េរិកចំនួន ១២ផ្សេងទៀតទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញកាលពីថ្ងៃពុធម្សិលមិញនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





