ប្រធានាធិបតីតួកគីគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ទីក្រុងអង់ការ៉ា ចំពេលដែលកំពុងមានភាពតានតឹងជាសកល និងសង្គ្រាមពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ប្រទេសតួកគីក្នុងការប្រឈមមុខនឹងភាពតានតឹងពិភពលោកដែលកំពុងមានការកើនឡើង។
នៅឯកិច្ចប្រជុំក្រុមរបស់គណបក្ស AK ក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធថា លោក អឺដូហ្គែន បានព្រមានបន្ថែមអំពីផលប៉ះពាល់កាន់តែខ្លាំងឡើងនៃសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្ត ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យពិភពលោកមានភាពជ្រួលច្របល់។
លោកបានកត់សម្គាល់ថា «វាត្រូវបានគេយល់ថា សង្រ្គាមពាណិជ្ជកម្មដែលបានបញ្ឆេះដោយពន្ធគយនឹងមានផលប៉ះពាល់ជាសកល។ ព្យុះកំពុងមកហើយ ដែលវានឹងប៉ះពាល់ដល់មនុស្សគ្រប់គ្នា»។
ចំពោះផ្នែកសេដ្ឋកិច្ច លោក អឺដូហ្គែន បានបង្ហាញទំនុកចិត្តថា គោលជំហររបស់តួកគីនឹងជួយខ្លួនក្នុងការជំនះបញ្ហាប្រឈមនានានៅខាងមុខ។
លោកបាននិយាយបន្ថែមថា «ដោយសារយើងស្ថិតក្នុងចំណោមប្រទេសដែលប្រឈមមុខនឹងពន្ធទាប យើងជឿថា យើងនឹងយកអាចយកឈ្នះបានកាន់តែងាយស្រួលនៅក្នុងរយៈពេលនេះ បើប្រៀបធៀបទៅនឹងប្រទេសជាច្រើនទៀត«។
លោកក៏បានផ្តល់ការធានាដល់សហគមន៍ធុរកិច្ចរបស់តួកគីផងដែរ ចំពេលដែលកំពុងមានភាពមិនប្រាកដប្រជាជាសកល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





