រដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំពិធីក្រុងពលីបើកសង្ក្រាន្តទទួលទេវតាឆ្នាំថ្មី
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រារព្ធពិធីក្រុងពលីដ៏មហោឡារិក ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងជាការបើកជាផ្លូវការនូវព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥នេះ ដោយពិធីក្រុងពលីនេះបានរៀបចំឡើងនៅសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការ មកពីមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើននាក់ទៀតផង។ ពិធីនេះប្រព្រឹត្តទៅតាមបែបប្រពៃណីខ្មែរដ៏ត្រឹមត្រូវ ដោយមានការបូជាគ្រឿងសក្ការៈផ្សេងៗរួមនិងការសម្តែងរបាំត្រុដិនិងការអញ្ជើញព្រះសង្ឃាចារ្យជាច្រើនអង្គ ដើម្បីប្រោះព្រំសិរីមង្គល ដល់អង្គពិធី និងអ្នកចូលរួមទាំងអស់។

ក្នុងឱកាសដ៏សំខាន់នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ពិធីបួងសួងសុំសេចក្តីសុខនេះធ្វើឡើងដើម្បីបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅគ្រប់ទិសទី សូមយាងមកជួយឃុំគ្រងថែរក្សា ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយមានជ័យឆ្នាំ២០២៥ ឱ្យដំណើរការទៅដោយរលូន និងប្រកបដោយភាពជោគជ័យ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ សង្រ្កាន្តបន្ទាយមានជ័យនេះ ជាការផ្តល់នូវឱកាសដល់យុវជន និងសាធារណជនខ្មែរទូទៅ ឱ្យបានចូលរួម ក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ស្ថិតក្រោមដំបូលនៃសុខសន្តិភាពតែមួយ នៃស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាឈ្វេងយល់ និងបន្តថែរក្សាមរតក វប្បធម៌ខ្មែរឱ្យបានគង់វង្សតទៅអនាគត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏ល្អមួយក្នុងការបង្ហាញពីសក្តានុពល វប្បធម៌ ប្រពៃណី និងទេសចរណ៍របស់ខេត្តបន្ទាយមានជ័យ ទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងអន្តរជាតិផងដែរ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ផងដែរអំពីការរៀបចំកម្មវិធីសប្បាយៗ និងការលេងល្បែងប្រជាប្រិយជាច្រើន ដែលនឹងរៀបចំឡើងក្នុងរយៈពេល៤ថ្ងៃនៃសង្ក្រាន្តនេះ ក្នុងនោះ មាន ការសម្ដែងសិល្បៈចម្រុះ ការប្រកួតល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលសិប្បកម្ម និងកសិផលក្នុងស្រុក ការរៀបចំស្តង់អាហារឆ្ងាញ់ៗ និងកម្មវិធីកម្សាន្តជាច្រើនទៀត ដែលនឹងធ្វើឱ្យសង្ក្រាន្តបន្ទាយមានជ័យឆ្នាំនេះ កាន់តែមានភាពសប្បាយរីករាយ និងអត្ថន័យ។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យក៏បានជំរុញឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបង្កើតកម្មវិធីសប្បាយៗនានា ក្នុងឱកាសឆ្នាំថ្មីនេះ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយរក្សាបាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាព និងអនាម័យ ដើម្បីឱ្យព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយមានជ័យ ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបាននូវភាពរីករាយទាំងអស់គ្នា។
ការរៀបចំសង្ក្រាន្តបន្ទាយមានជ័យ នៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកកាន់ខេត្តបន្ទាយមានជ័យ និងបរិយាកាសសប្បាយរីករាយនៃបុណ្យចូលឆ្នាំថ្មី និងស្វែងយល់បន្ថែមអំពីវប្បធម៌ ប្រពៃណីដ៏រុងរឿងរបស់ខ្មែរ៕
ដោយ ឈុន សារ៉ាត





