ប្រជាពលរដ្ឋពីរភូមិក្នុងឃុំកោះខែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
AKP កណ្ដាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន០២ភូមិ គឺភូមិព្រែកកែវ និងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដែលមានចំនួន ២ ១៧០បណ្ណ ត្រូវបានរដ្ឋបាលខេត្តកណ្តាល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើពិធីប្រគល់ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ក្បាលដីដែលបងប្អូន បានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានបណ្ណកម្មសិទ្ធិនេះ គឺបានបំពេញគ្រប់លក្ខខណ្ឌជាគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លីដែល នឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លី ជាពិសេសការកាត់បន្ថយភាពក្រីក្រ ហើយប័ណ្ណកម្មសិទ្ធដែលត្រូវចែកជូននាពេលនេះ គឺសំដៅធានាបាននូវកម្មសិទ្ធិប្រើប្រាស់ដីធ្លីស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព រួមចំណែកដល់ការពង្រឹងយុត្តិធម៌ ស្ថេរភាពសង្គម និងការអភិវឌ្ឍដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនោះដែរ ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព។ បណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឱ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឱ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខរបស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការផ្ទេរទៅឲ្យកូនចៅជាដើម។ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាបណ្ណនេះឱ្យបានល្អប្រសើរ។ ក្នុងឱកាសនេះឯកឧត្តមក៏បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ដថែរក្សាសុខភាពឱ្យបានល្អ និងត្រូវចូលរួមគោរពច្បាប់ចរាចណ៍ឱ្យបានគ្រប់ៗគ្នា។

បើតាមរបាយការណ៍របស់លោក ស៊ុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា បើគិតមកដល់ពេលនេះការចុះបញ្ជីបាន៦២ឃុំ/ សង្កាត់ លើ១២៧ ឃុំ/សង្កាត់ នឹង ៥៣៧ ភូមិ លើ ១ ០១០ ភូមិ គឺស្មើនឹង៥៣ភាគរយនៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៤ ៥០៥ ក្បាលដី ក្នុងនោះបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៣៨៨ ៦៨៩ បណ្ណ និងចែកបណ្ណជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន២៣៣លើក ស្មើនឹង៣១៦ ៧៦៤បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣៤នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិព្រែកកែវ ចំនួន១ ១៦៧ បណ្ណ និងភូមិកោះខែល ចំនួន ១ ០០៣ បណ្ណ សរុបចំនួន២ ១៧០ បណ្ណ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





