អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងតំណាងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ប្រគល់ជូនដល់យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដោយពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានចាត់តាំងតំណាងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួនមកប្រគល់ជូនទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅពេលដ៏ខ្លីខាងមុខនេះ និងបានគោរពជូនពរសម្ដេច លោកជំទាវ និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅក្នុងឱកាសឆ្នាំថ្មីនេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តាមរយៈឯកឧត្តមអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភក្នុងពិធីបុណ្យចូចូលឆ្នាំថ្មី ប្រពៃណីជាតិនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅក្នុងឱកាសនេះ រួមមាន គុយទាវកញ្ចប់ចំនួន៥០កេស ទឹកក្រូចកំប៉ុងចំនួន ៥០កេស ស្ករសចំនួន២០០គីឡូក្រាម ទឹកត្រីទឹកស៊ីអ៊ីវចំនួន ១០០ យួរ និងថវិកាចំនួន៣លានរៀល ហើយអង្គភាព និងចាត់ចែងអំណោយនេះ ដើម្បីរៀបចំពិធីអាហារសាមគ្គី ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លំាងដែលកំពុងប្រចាំការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមបណ្តាគោលដៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





