ស្ថានទូតសហរដ្ឋអាមេរិកចេញផ្សាយវីដេអូ គុនខ្មែរ ចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ សូមជូនពរជ័យដល់ប្រជាជនកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ ២០២៥នេះ។

ដើម្បីអបអរសាទរក្នុងពិធីបុណ្យដ៏សំខាន់នេះ ស្ថានទូតមានកិត្តិយសក្នុងការបង្ហាញវីដេអូចូលឆ្នាំខ្មែររបស់យើងដែលបង្ហាញពី «គុនខ្មែរ» ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយវប្បធម៌ចម្រុះ និងបង្ហាញពីកីឡាវាយគុនបុរាណរបស់កម្ពុជា។ សូមអញ្ជើញលោកអ្នកចូលរួមរីករាយទស្សនា និងធ្វើការចែករំលែកវីដេអូដែលមានក្នុងបណ្តាញសង្គម Facebook, YouTube, Instagram, ឬ X។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

ក្នុងវីដេអូនេះ Dan ដែលជាមន្ត្រី្កការទូតអាម៉េរិកដែលទើបមកដល់កម្ពុជា ត្រូវបានណែនាំអំពីក្បាច់គុនចម្រុះ គុនខ្មែរ។ លោកបានទទួលការហ្វឹកហាត់ពីកញ្ញា សំ ថារ័ត្ន ដែលជាអ្នកឈ្នះមេដាយប្រាក់នៃការប្រកួត MMA ពិភពលោកឆ្នាំ ២០២៣ និងបានចូលរួមក្នុងការបណ្តុះបណ្តាលយ៉ាងតឹងរឹងរយៈពេលប៉ុន្មានខែ ដើម្បីប្រកួតក្នុងការប្រកួតមិត្តភាពគុនខ្មែរ។ ជាលទ្ធផល មិត្តភាពឈ្នះលើការប្រកួតនេះ ដែលជាសញ្ញានៃការរួបរួម និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ សូមជូនពរមិត្តភក្តិរបស់យើងនៅប្រទេសកម្ពុជា និងនៅទូទាំងពិភពលោកឱ្យទទួលបានសុភមង្គល សេចក្តីរីកចម្រើន និងសុខភាពល្អនៅក្នុងឆ្នាំម្សាញ់៕
ដោយ៖ រិទ្ធី





