រដ្ឋាភិបាលសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង៧លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១៨ ដល់២០២៥ តាមរយៈការជិះរថយន្ដក្រុងទៅស្រុកកំណើត
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់២០២៥នេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តម និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អនុវត្តតាមការចង្អុលបង្ហាញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយឥតគិតថ្លៃ។ ការដឹកជញ្ជូនដោយឥតគិតថ្លៃនេះ បើគិតពីឆ្នាំ២០១៨រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។ នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចំនួន៥៩៧គ្រឿង ក្នុងចំនួននេះបើមានការខ្វះខាត រដ្ឋបាលរាជធានីភ្នំពេញនឹងបំពេញបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការចំណាយរបស់ពួកគាត់។ការងារនេះ មិនត្រឹមតែសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋទេ យើងអាចកាត់បន្ថយបាននូវការឡើងថ្លៃរបស់រថយន្តដឹកអ្នកដំណើរឯកជនផងដែរ។

បន្ថែមពីលើការងារនេះ រដ្ឋបាលរាជធានីភ្នំពេញនូវបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពប្រជាពលរដ្ឋផងដែរ ដោយឆ្នាំនេះជំងឺគ្រុនឈាមបានធ្លាក់ចុះ បើទោះបីមូសបានកើនឡើងច្រើនដូចអង្កាមយ៉ាងណាក្តី។ការធ្លាក់ចុះជំងឺគ្រុនឈាមនេះដោយយើងបានបាញ់ថ្នាំសម្លាប់មូសជាប់ជាប្រចាំនៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ រហូតបានទទួលជោគជ័យ និងទទួលបាននូវការគាំទ្រយ៉ាងពេញដំណឹងពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងទាំងអស់ដែលបានរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដែលបានធ្វើឲ្យបទល្មើសនានា ថយចុះ។ ប្រជាពលរដ្ឋមានការ សាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការរៀបចំរថយន្តដឹកជញ្ជូនប្រជ្ជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទន្ទឹមនឹងការការរៀបចំសង្ក្រាន្តវត្តភ្នំ និងការដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោផងដែរ នាឱកាសបុណ្យចូលឆ្នាំនេះ៕
ដោយ សួស សំរិត





