សហគមន៍កសិកម្មទំនើបពីរនៅខេត្តសៀមរាប រៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- សហគមន៍កសិកម្មទំនើបបន្លែសសី និងសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា តាមរយៈការវិនិយោគលើផ្ទះសំណាញ់១០០ខ្នង ដែលអាចនឹងគាំទ្រជាថវិកាបដិភាគដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ថា កិច្ចសហការរវាងសហគមន៍ទំនើបទាំង២ នឹងអនុញ្ញាតឱ្យសហគមន៍មានលទ្ធភាពអាចផ្គត់ផ្គត់បន្លែសុវត្ថិភាពទៅកាន់តម្រូវការនៅក្នុងក្រុងសៀមរាប ក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែងខ្ពស់ និងក្នុងបរិមាណដែលមានស្ថេរភាព។

តាមផែនការគ្រោងទុក សហគមន៍កសិកម្មទំនើបស្រូវនាងអំ នឹងផ្តោតតែលើការធ្វើផលិតកម្មបន្លែក្នុងទំហំ៥០ភាគរយ ចំណែកឯសហគមន៍កសិកម្មទំនើបបន្លែសសី នឹងធ្វើផលិតកម្មបន្លែផង ព្រមទាំងទទួលរ៉ាប់រងការងារទីផ្សារនិងការចែកចាយបន្តផងដែរ ដោយសារសហគមន៍នេះស្ថិតនៅជិតទីផ្សារជាងសហគមន៍នាងអំ៕

ដោយ ណយ នឿន





