ពិធីចម្រើនព្រះបរិត្តសិរីមង្គល ទទួលទេវតាឆ្នាំថ្មី នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥-- នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចម្រើនព្រះបរិត្ត សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងមង្គលសិរី នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្លែក វារី ក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

ពិធីចម្រើនព្រះបរិត្តនេះត្រូវបានប្រារព្ធឡើងតាមបែបផែនព្រះពុទ្ធសាសនា ដោយមានព្រះសង្ឃជាច្រើនអង្គបាននិមន្តមកសូត្រមន្ត បវរមង្គល ឧទ្ទិសកុសលផលបុណ្យដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងមូល ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី ជ័យមង្គល វិបុលសុខ និងជៀសផុតពីឧបទ្រពចង្រៃទាំងពួង ក្នុងឱកាសនៃឆ្នាំថ្មីដែលកំពុងឈានចូលមកដល់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃពិធីចម្រើនព្រះបរិត្ត ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ តាំងពីបុរាណកាលមក និងបានសង្កត់ធ្ងន់ថា ពិធីនេះមិនត្រឹមតែជាការគោរពប្រតិបត្តិទៅតាមជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ឱ្យមានស្មារតីរួបរួម សាមគ្គីគ្នា កសាង និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ក៏បានចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ និងបានជូនពរមន្ត្រីរាជការទាំងអស់ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

ជាមួយគ្នានេះដែរ មន្ត្រីរាជការទាំងអស់បានចូលរួមប្រកបដោយទឹកមុខស្រស់ស្រាយ និងសេចក្តីគោរពជ្រះថ្លា។ ក្រោយពីបញ្ចប់ពិធីចម្រើនព្រះបរិត្តរួច ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងភ្ញៀវកិត្តិយស បានអញ្ជើញទទួលទានអាហារសាមគ្គី ដែលជាការបង្ហាញនូវការរួបរួមគ្នាក្នុងស្ថាប័នរដ្ឋបាលខេត្តទាំងមូល។

ពិធីចម្រើនព្រះបរិត្តនេះបានបិទបញ្ចប់ទៅវិញក្រោមការសប្បាយរីករាយ និងក្តីសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំថ្មី ឆ្នាំម្សាញ់ នឹងនាំមកនូវសិរីសួស្តី ជ័យមង្គល វិបុលសុខ និងភាពជោគជ័យថ្មីៗ សម្រាប់ខេត្តបន្ទាយមានជ័យ និងប្រជាជនកម្ពុជាទូទាំងប្រទេស។ នេះគឺជាការបង្ហាញនូវស្មារតីនៃការរួបរួមគ្នា និងការបន្តថែរក្សាប្រពៃណីដ៏ល្អរបស់ជាតិ ក្នុងឱកាសដ៏មង្គលនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
ដោយ ឈុន សារ៉ាត





