ក្រសួងកិច្ចការនារីប្រារព្វពិធីទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥-- ក្រសួងកិច្ចការនារីបានប្រារព្ធពិធីទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដោយមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង។

នៅក្នុងកម្មវិធីនោះរួមមានពិធីសូត្រមន្ត ការសម្តែងរបាំត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ត្រៀមទទួលអំណរសាទរ និងសេចក្តីសុខ សេចក្តីចម្រើនសិរីឆ្នាំថ្មី កម្មវិធីលេងល្បែងប្រជាប្រិយ ពិធីជួបជុំពិសារអាហារសាមគ្គី និងចាប់រង្វាន់អនុស្សាវរីយ៍ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ និងក្រុមយុវជនស្ម័គ្រចិត្តរបស់ក្រសួងកិច្ចការនារី សរុបប្រមាណ ៤០០នាក់។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ចំពោះការចូលរួមក្នុងក្រុមគ្រួសារកិច្ចការនារី ក្នុងស្មារតីសាមគ្គី ខិតខំប្រឹងប្រែងធ្វើការងារ និងបំពេញភារកិច្ចជូនក្រសួង និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្រ្តី និងសម្រាប់ប្រជាជាតិទាំងមូល។ ដោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតមកដល់ សូមលោកជំទាវ ឯកឧត្តម លោកស្រី អស់លោកថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ទទួលបាននូវសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងទទួលបានជោគជ័យរាល់ភារកិច្ច៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





