អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តម NGUYEN THANH VAN អគ្គកុងស៊ុល សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង និងទទួលបន្ទុកកិច្ចការកុងស៊ុលនៅខេត្តទាំង៧នៃភាគពាយ័ព្យប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ បានចូលសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានសម្តែងការស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ដោយក្តីរីករាយ និងកោតសរសើរចំពោះបេសកកម្មការទូតរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងដែលកន្លងមកមានស្នាដៃ ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាងយោធភូមិភាគទី៥ និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ក៏ដូចជាបន្តការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម)។

ក្នុងឱកាសចូលជួបសម្តែងការគួរសម ឯកឧត្តម NGUYEN THANH VAN ស្ថានអគ្គកុងស៊ុលវៀតណាម បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៥ និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ដែលបានថែរក្សាចំណងមិត្តភាព និងសហប្រតិបត្តិការគ្នាបានយ៉ាងល្អ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





