រថភ្លើង និងអាកាសយានដ្ឋានរបស់មីយ៉ាន់ម៉ា ដំណើរការឡើងវិញបន្ទាប់ពីរញ្ជួយដី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ -- ខ្សែរថភ្លើងយ៉ាន់ហ្គោន-ម៉ាន់ដាឡេ និងអាកាសយានដ្ឋានអន្តរជាតិម៉ាន់ដាឡេ បានបើកដំណើរការឡើងវិញហើយបន្ទាប់ពីត្រូវបានបិទ ដោយសារតែការខូចខាតពីការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី២៨ ខែមីនាកន្លងមក។ នេះបើយោងតាមសារព័ត៌មានរដ្ឋThe Global New Light of Myanmar បានរាយការណ៍កាលពីពេលថ្មីៗនេះ។
ការរញ្ជួយដីនោះបានបំផ្លាញទំនប់ការពារទឹកចំនួន៦០ និងស្ពានផ្លូវរថភ្លើងចំនួន១១ នៅតាមបណ្តោយផ្លូវដែកយ៉ាន់ហ្គោន-ម៉ាន់ដាឡេ ហើយវាក៏បណ្តាលឱ្យខូចខាតផ្លូវនៅតំបន់មួយចំនួនផងដែរ ។
ផ្លូវដែកមីយ៉ាន់ម៉ាបានចាប់ផ្តើមការងារជួសជុលបន្ទាន់ដោយប្រើកម្លាំងមនុស្ស គ្រឿងចក្រ និងភស្តុភារ។ ដើម្បីធានាសុវត្ថិភាព វាបានសាកល្បងផ្លូវរថភ្លើងជាមួយរថភ្លើងដឹកទំនិញកាលពីថ្ងៃទី០៣ ខែមេសា និងជាមួយរថភ្លើងដឹកអ្នកដំណើរកាលពីថ្ងៃទី០៤ ខែមេសា។ បន្ទាប់ពីបញ្ជាក់ថារថភ្លើងអាចដំណើរការបានដោយសុវត្ថិភាពហើយ សេវាដឹកអ្នកដំណើរបានបន្តនៅព្រឹកថ្ងៃទី០៥ ខែមេសា។
ទន្ទឹមនឹងនេះដែរ វិស័យអាកាសចរណ៍ត្រូវបានអនុញ្ញាតឱ្យដំណើរការជើងហោះហើរក្នុងស្រុកទៅកាន់អាកាសយានដ្ឋានអន្តរជាតិម៉ាន់ដាឡេចាប់តាំងពីថ្ងៃទី០៤ ខែមេសា។ គិតត្រឹមថ្ងៃទី០៥ ខែមេសា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ បានធ្វើការហោះហើរសរុបចំនួន ១៣ជើងដោយបានដឹកជញ្ជូនអ្នកដំណើរក្នុងប្រទេសចំនួន ៣៩៩នាក់ និងអ្នកដំណើរក្រៅប្រទេសចំនួន ៥៧៣នាក់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





