ម៉ាឡេស៊ីអំពាវនាវឱ្យមានកិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ចចរចាពន្ធគយរបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅអាស៊ានត្រូវតែរួបរួមគ្នាដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីពន្ធគយ ដែលសហរដ្ឋអាមេរិកបានដាក់ចេញ ដើម្បីផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចចរចានាពេលអនាគត។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី០៧ ខែមេសា លោកបានជំរុញសមាជិកអាស៊ានកុំឱ្យមើលស្រាលទៅលើបញ្ហានេះ ជាពិសេសចំពេលដែលកំពុងមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងនយោបាយពិភពលោកនាពេលបច្ចុប្បន្ន។
លោក អាន់វ៉ា បានពណ៌នាអំពីវិធីសាស្រ្តរបស់សហរដ្ឋអាមេរិកក្នុងការកំណត់ពន្ធគយនោះថា មានកំហុស និងផ្អែកលើមូលដ្ឋានទន់ខ្សោយ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ប្រទេសម៉ាឡេស៊ីបានជ្រើសរើសវិធីសាស្រ្តកម្រិតមធ្យម ព្រោះថានៅមានចំណុចសម្រាប់កិច្ចពិភាក្សា និងតម្រូវការក្នុងការដោះស្រាយករណីលើកលែងមួយចំនួនយ៉ាងលម្អិត។
លោក អាន់វ៉ា បានលើកឡើងអំពីភាពរឹងមាំរបស់អាស៊ានក្នុងនាមជាប្លុកមួយដែលមានប្រជាជនចំនួន ៦៤០លាននាក់ និងជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចកំពូលរបស់ពិភពលោក ដោយកត់សម្គាល់ពីកំណើននិងស្ថិរភាពក្នុងតំបន់។
លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់អាស៊ានដែលបង្ហាញពីគោលជំហររួបរួមមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចពិភាក្សានាពេលខាងមុខ ហើយបានបង្ហើបថា លោកបានពិភាក្សាបញ្ហានេះជាមួយសមភាគីអាស៊ានរួចហើយ។
ពន្ធថ្មីរបស់សហរដ្ឋអាមេរិកដែលបានប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី០២ ខែមេសាកន្លងទៅនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្តាប្រទេសមួយចំនួននៅអាស៊ាន ដោយនៅក្នុងនោះ ប្រទេសកម្ពុជា ឡាវ និងវៀតណាម គឺជាប្រទេសរងគ្រោះខ្លាំងជាងគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





