គ្រោះរញ្ជួយដីមួយវាយប្រហារខេត្តអាសេរបស់ប្រទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ -- យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រមួយបានវាយប្រហារនៅឆ្នេរសមុទ្រនៃខេត្តអាសេរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកព្រលឹមថ្ងៃទី០៨ខែមេសា (ម៉ោងក្នុងតំបន់)។
គ្រោះរញ្ជួយនេះបានកើតឡើងនៅវេលាម៉ោង ២:៤៨នាទីព្រឹក (ម៉ោងនៅទីក្រុងហ្សាការតា) ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ៦២គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងស៊ីណាបេង ក្នុងតំបន់ស៊ីមើលូ ក្នុងជម្រៅ៣០គីឡូម៉ែត្រពីបាតសមុទ្រ។
នៅមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតដោយសារការរញ្ជួយដីនេះទេ ហើយក៏មិនមានការព្រមានអំពីរលកយក្សស៊ូណាមិដែរ។
ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសប្រជុំកោះ ដែលងាយនឹងរញ្ជួយដីដោយសារតែទីតាំងរបស់វាស្ថិតនៅលើរង្វង់ភ្លើងប៉ាស៊ីហ្វិកដែលមានសកម្មភាពរញ្ជួយ។ ប្រទេសនេះក៏មានភ្នំភ្លើងសកម្មចំនួន១២៧ ដែលមានសកម្មភាពជាញឹកញាប់ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





